ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃពិធីខួបកំណើតគម្រប់ ៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នាពេលខាងមុខនេះ។
សារលិខិតគោរពជូនពររបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានខ្លឹមសារដូចតទៅ៖ «សម្តេចមហាបវរធិបតី ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត! យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងបរិស្ថាន សូមសម្តែងនូវសេចក្តី សោមនស្សរីករាយឥតឧបមា និងសូមគោរពជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ គ្រប់ប្រការជូនចំពោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសខួបកំណើតដ៏ឧត្តុង្គឧត្តមរបស់ សម្តេចធិបតី ដែលនឹងចូលមកដល់នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ សូម សម្តេចធិបតី នាយករដ្ឋមន្ត្រី មានសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន អាយុយឺនយូរ បញ្ញាញាណវាងវៃ ដើម្បីបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍ ប្រកបដោយចីរភាព និងភាពរីកចម្រើនថ្កុំថ្កើន រុងរឿងជារៀងរហូត។
ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដឹងគុណយ៉ាងក្រៃលែង ចំពោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បញ្ញា និងស្មារតី ក្នុងការពុះពាររាល់ឧបសគ្គ ដើម្បីចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពពេញលេញ និងការពារបូរណភាពទឹកដី ការពារអធិបតេយ្យភាពជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ និងទទួលបាននូវកិត្តិស័ព្ទល្បីល្បាញទាំងក្នុងតំបន់ និងពិភពលោក។
ជាថ្មីម្តងទៀត យើងខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវសេចក្តីគោរពដ៏ជ្រាលជ្រៅ និងភក្តីភាពដ៏ស្មោះស្ម័គ្របំផុតពីយើងខ្ញុំទាំងអស់គ្នា» ៕


