ទីក្រុងគូឡាឡាំពួ៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ឡេ ហ័យជុង រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានសេចក្តីសោមនស្សរីករាយដែលបានទទួលជួប ឯកឧត្តម ឡេ ហ័យជុង ដោយផ្ទាល់សារជាថ្មីបន្ទាប់ពីជំនួបតាមប្រព័ន្ធវីដេអូ កាលពីដើមខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរឯកឧត្តម ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់វៀតណាម ចំពោះការទទួលបដិសណ្ឋារកិច្ចជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការ និងចូលរួម ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម ពីថ្ងៃទី១ ដល់២ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ៕







