ភ្នំពេញ៖ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលរួមពិធីបំបួសដើមឈើវត្តអម្ពផល (ហៅវត្តចុងកោះ) ស្ថិតនៅភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ពិធីនេះក្រោមការដឹកនាំរបស់ព្រះញាណសត្ថា សំ សុផល ព្រះចៅអធិការវត្តអម្ពផល និងរួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយបានប្រគេនចង្ហាន់និងបច្ច័យព្រះសង្ឃចំនួន ២៥០អង្គ កាលពីថ្ងៃចន្ទ ១៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥។
ឯកឧត្តម ឈួរ សុបញ្ញា បានមានប្រសាសន៍ថា ពិធីបំបួសដើមឈើ ឬ Tree Ordination Ceremony មានដើមកំណើតនៅប្រហែលចន្លោះទសវត្សរ៍ឆ្នាំ១៩៨០។ ព្រះសង្ឃ និងប្រជាជនបានចាប់ផ្តើមអនុវត្តពិធីនេះ ដើម្បីការពារប្រាសាទព្រៃ និងព្រៃឈើមិនឲ្យត្រូវកាប់បំផ្លាញ។ ពួកគេបានយកវិធីសាសនាបែបពុទ្ធសាសនា មកប្រើដាក់លើដើមឈើ ដោយធ្វើពិធី “បំបួស” ដូចពិធីបួសសង្ឃ។ គោលគំនិតនៃការបំបួសដើមឈើ គឺជាការផ្តល់សញ្ញាបួសឲ្យដើមឈើ ដើម្បីអោយមនុស្សគេចាប់អារម្មណ៍ និងមិនហ៊ានកាប់បំផ្លាញវា ដូចជាការមិនហ៊ានប៉ះពាល់ដល់សង្ឃ។
ព្រះញាណសត្ថា សំ សុផល ព្រះគ្រូចៅអធិការវត្តអម្ពរផល បានមានសង្ឃដិការថា ការរៀបចំពិធីនេះឡើងក្នុងគោលបំណងសំខាន់មាន៣យ៉ាងគឺ៖
១៖ ការការពារធម្មជាតិ និងព្រៃឈើ : ដោយធ្វើឲ្យដើមឈើក្លាយជាដើមឈើបុណ្យ ឬដើមឈើបួស ដែលមនុស្សមិនហ៊ានកាប់។
២៖ បណ្តុះស្មារតីសីលធម៌ និងសេចក្តីមេត្តា ដោយការបំបួសដើមឈើជាវិធីបង្រៀនមនុស្សឲ្យស្រឡាញ់ធម្មជាតិ និងចេះថែរក្សាជីវិត។
៣៖ ផ្សារភ្ជាប់សាសនានឹងបរិស្ថាន ដោយបង្ហាញថា ព្រះពុទ្ធសាសនា មិនបានបង្រៀនតែអំពីការរក្សាសីលទេ ប៉ុន្តែបង្រៀនអំពីការរស់នៅសមស្របជាមួយធម្មជាតិផងដែរ។
ឯកឧត្តម ឈួរ សុបញ្ញា បានបន្តលើកឡើងថា នៅក្នុងតម្លៃនៃព្រះពុទ្ធសាសនា នៅក្នុងម្លប់មួយនៃម្លប់ទាំងប្រាំមួយ គឺរុក្ខឆ័យា ការយកម្លប់ជាទីពឹង ទីរលឹកយើងចាំបាច់ត្រូវតែថែទាំដើមឈើ ឲ្យបានគង់វង្សមិនមែនតែដើមឈើនៅតាមគេហដ្ឋានទេ ប៉ុន្តែយើងត្រូវចងចាំថាដើមឈើគឺជាម្លប់នៃជីវិតរបស់យើងទាំងអស់គ្នា ជានិមិត្តរូបនៃពិភពលោក»។ សូមឱ្យយើងគិតគូរយកដើមឈើជាទីពឹង ជាទីពំនាក់របស់យើង និងថែរក្សាដើមឈើដើម្បីជាប្រយោជន៍រួមរបស់មនុស្សជាតិ ព្រោះដើមឈើមានប្រយោជន៍ណាស់ សម្រាប់អាយុជីវិតរបស់យើង និងផ្តល់អ្វីគ្រប់យ៉ាងឲ្យយើង។ ដូច្នេះសូមបងប្អូនគ្រប់និនាការទាំងអស់ យើងរួបរួមគ្នាដើម្បីការពារថែរក្សាដើមឈើ និងបរិស្ថានធម្មជាតិ»។
តាមជំនឿដូនតាតពីបុរាណមក ដើមឈើធំៗ ដែលត្រូវបានគេចងព័ទ្ធដោយស្បង់ចីវរ គឺមានរុក្ខទេវតាថែរក្សា ការពារ ហើយជនទាំង ឡាយណា ដែលទៅកាប់បំផ្លាញដើមឈើទាំងនោះដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន នឹងត្រូវជួបគ្រោះភ័យអន្តរាយដល់ជីវិត។ នៅក្នុងពិធីបំបួសដើមឈើនេះ យើងមិនបានសូត្រពាក្យដាក់បណ្ដាសានោះទេ គឺយើងគ្រាន់តែបួងសួងដល់រុក្ខទេវា ជួយឃុំគ្រង ថែរក្សា ការពារ និងបញ្ចៀសអស់មនុស្សទុច្ចរិតទាំងឡាយកុំឱ្យមកយាយី កាប់បំផ្លាញ»។ក្រៅពីផ្ដល់ផលប្រយោជន៍ជាទីជម្រកសម្រាប់មនុស្ស សត្វ ស្នាក់អាស្រ័យ ព្រៃ ឈើបានដើរតួនាទីដ៏សំខាន់ក្នុងការថែរក្សាលំនឹងភពផែនដី ការពារទឹកជំនន់ ការពារទឹកហូរច្រោះ ទប់ស្កាត់ភាពរាំងស្ងួត និងកាត់បន្ថយនូវការបំពុលខ្យល់ក្នុងបរិយាកាស ជាពិសេស បានផ្ដល់ផលប្រយោជន៍ដ៏សំខាន់ដល់សេដ្ឋកិច្ច សង្គម និងវប្បធម៌។ កម្មវិធីបែបសាសនានេះថា ជាកម្មវិធីដ៏ល្អមួយក្នុងការចូលរួមពញ្ញាក់ស្មារតីពលរដ្ឋ និងយុវជនឱ្យស្រឡាញ់ដើមឈើដែលជាប្រភពធនធានធម្មជាតិ។
សរុបមកពិធីបំបួសដើមឈើ គឺជាប្រពៃណីដ៏មានតម្លៃ ដែលបង្ហាញពីការរួមចំណែករបស់មនុស្សក្នុងការអភិរក្សធម្មជាតិ និងសង្គម។ វាមិនមែនជាការដាំឈើធម្មតាទេ ប៉ុន្តែជាកិច្ចធម៌និងសេចក្តីល្អ ដែលបង្កើតផលប្រយោជន៍យ៉ាងទូលំទូលាយទាំងក្នុងសង្គម សេដ្ឋកិច្ច សាសនា និងលើពិភពលោកទាំងមូល។
១. ទិដ្ឋភាពសង្គម៖ ការបំបួសដើមឈើមានអត្ថប្រយោជន៍សង្គមយ៉ាងច្រើន៖
-ជួយបង្កើតសាមគ្គីភាព និងការរួមចំណែករបស់សមាជិកសង្គម។ ពេលមនុស្សចូលរួមដាំឈើជាសាធារណៈ នោះបង្កើតអារម្មណ៍សាមគ្គី និងស្និទ្ធស្នាលជាប្រជាជនមួយជាតិ។
-ជាវិធីអប់រំសង្គមឱ្យមានសីលធម៌ និងការយល់ចិត្តចំពោះធម្មជាតិ។ កុមារ យុវជន និងមនុស្សគ្រប់វ័យអាចរៀនពីការទទួលខុស ត្រូវក្នុងការថែរក្សាបរិស្ថាន។
-ជាឧបករណ៍បង្កើតសន្តិភាពក្នុងសង្គម ដោយពិធីបំបួសដើមឈើបង្ហាញពីចិត្តមេត្តាករុណា និងសេចក្តីស្រឡាញ់សត្វលោក។
២. ទិដ្ឋភាពសេដ្ឋកិច្ច៖ ដើមឈើគឺជាប្រាក់បញ្ញើធម្មជាតិដ៏សំខាន់សម្រាប់សេដ្ឋកិច្ច។
-វាជាធនធានសំខាន់សម្រាប់ផលិតផលឈើ ឧបករណ៍សំណង់ ឬផលិតផលកសិកម្មដទៃទៀត។
-ជួយបង្កើនប្រាក់ចំណូលជនបទ ដោយផ្តល់ឱកាសការងារ ដូចជា ការដាំ ការថែទាំ និងការផលិតផលពីដើមឈើ។
-ជួយកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចពីបាតុភូតធម្មជាតិ ដូចជាការជ្រាបទឹក និងគ្រោះរាំងស្ងួត ៕

























