ភ្នំពេញ៖ នាថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងនាយកគម្រោង SAAMBAT បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោង SAAMBAT និងដោយមានការអញ្ជើញចូលរួមពី លោក Frew Behabtu នាយក IFAD ប្រចាំប្រទេសកម្ពុជា លោក Bryan Fornari តំណាងនៃប្រតិភូសហភាពអឺរ៉ុប (EUD) និងជាប្រធានកិច្ចសហប្រតិបត្តិការនៃសហភាពអឺរ៉ុប លោកស្រី Julie Decand និងលោក Kevin Cheung តំណាងនៃធនាគារវិនិយោគអឺរ៉ុប (EIB) លោក Julian Abrams ប្រធានក្រុមបច្ចេកទេស និងលោកស្រី Rachele Arcese ប្រធានក្រុមបេសកកម្ម។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធនិម្មិត (Zoom) សរុបចំនួន ៥១នាក់ ក្នុងនោះស្ត្រី៨នាក់ និងមានតំណាងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងនៃគម្រោង ASPIRE-AT តំណាងនៃគម្រោង AIMS លោក ទូច ស៊ីផាត ប្រធានគ្រប់គ្រងគម្រោង SAAMBAT ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស (SP1) និងមន្ត្រីអង្គភាពគ្រប់គ្រងគម្រោង។
បេសកកម្មត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោង ត្រូវបានបូកសរុបក្នុងកម្រិតពេញចិត្ត ក្នុងនោះផ្នែកជាច្រើននៃការអនុវត្តគម្រោងបានបង្ហាញពីវឌ្ឍនភាពពេញលេញធៀបនឹងផែនការ ជាអាទិ៍៖
១.សមិទ្ធផលនៃការសាងសង់ផ្លូវជនបទនៅក្នុងខេត្តគោលដៅទាំង១២។
២.ប្រសិទ្ធភាពនៃដំណើរការគ្រប់គ្រងគម្រោង ការគ្រប់គ្រងហិរញ្ញវត្ថុ និងលទ្ធកម្ម ការត្រួតពិនិត្យ និងវាយតម្លៃ។
៣.ការអនុវត្តវិធានការត្រួតពិនិត្យគុណភាពការងារសាងសង់ បន្ទាប់ពីប្រតិភូកម្មភារៈកិច្ចដល់ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសស្ថិតក្រោមអង្គភាពគ្រប់គ្រងគម្រោងនៃក្រសួងអភិវឌ្ឍន៍ជនបទ។
៤.ការកំណត់សកម្មភាពអាទិភាពដែលត្រូវអនុវត្តជាបន្តចាប់ពីខែកញ្ញា ឆ្នាំ២០២៥ រហូតដល់ខែមីនា ឆ្នាំ២០២៦។
បេសកកម្មត្រួតពិនិត្យ និងវាយតម្លៃគម្រោង ត្រូវបានធ្វើឡើងរួមគ្នាដោយ IFAD, EIB, ប្រតិភូសហភាពអឺរ៉ុប និងតំណាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ និងតាមរយៈការចុះត្រួតពិនិត្យផ្ទាល់នៅខេត្តគោលដៅរួមមាន តាកែវ កំពត ពោធិ៍សាត់ និងបាត់ដំបង។ បេសកកម្មនេះ មានគោលបំណងវាយតម្លៃការអនុវត្តគម្រោងជារួម ពិនិត្យការអនុលោមតាមលក្ខខណ្ឌដែលភ្ជាប់មកជាមួយការពន្យារពេលអនុវត្តជាបន្ត និងវាយតម្លៃលើការត្រៀមរៀបចំរបាយការណ៍បិទបញ្ចប់គម្រោង ជាពិសេសផ្តោតលើសមាសភាគទី២។ លើសពីនេះ បេសកកម្មក៏មានគោលបំណងកំណត់មេរៀនបទពិសោធន៍ និងវិធីសាស្រ្តប្រកបដោយនវានុវត្តន៍នៃការអនុវត្តគម្រោងផងដែរ។
នៅក្នុងចំណាប់អារម្មណ៍បិទអង្គប្រជុំ ឯកឧត្តម អ៊ុក ពញ្ញា បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហការដើម្បីអនុវត្តគម្រោង SAMMBAT ឱ្យទទួលបានជោគជ័យ។
ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា៖ ដើម្បីសម្រេចគោលដៅនេះបាន យើងត្រូវការការគាំទ្ររួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ អ្វីដែលជាចំណុចសំខាន់នោះ គឺយើងត្រូវរៀបចំផែនការរួមគ្នា និងទំនាក់ទំនងគ្នាប្រកបដោយប្រសិទ្ធភាពអំពីវឌ្ឍនភាព និងធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាដែលកើតឡើង។
ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា៖ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងជំនួយបច្ចេកទេសរបស់ភាគីទាំងអស់។ ភាពជោគជ័យរបស់គម្រោង SAAMBAT នឹងបង្កើតកាលានុវត្តភាពដ៏ល្អប្រសើរសម្រាប់កិច្ចសហការនាពេលអនាគត។
គួរកត់សម្គាល់ផងដែរថា បេសកកម្មគាំទ្រការអនុវត្តគម្រោង (ISM) នឹងធ្វើឡើងនៅក្នុងខែមីនា ឆ្នាំ២០២៦ ខាងមុខ ហើយនឹងពិនិត្យមើលលើការត្រៀមរៀបចំរបាយការណ៍បិទបញ្ចប់គម្រោង និងការអនុលោមតាមលក្ខខណ្ឌដែលបានព្រមព្រៀងសម្រាប់ការពន្យារពេលអនុវត្តដោយមិនរាប់បញ្ចូលនូវការផ្តល់ហិរញ្ញប្បទានរបស់ IFAD ៕













