ភ្នំពេញ៖ នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធគ្រប់គ្រងការសិក្សា (Learning Management System - LMS) តាមរយៈថ្នាលអប់រំឌីជីថលរបស់ ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC)។
វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅវិទ្យាល័យព្រែកលៀប សាលារៀនជំនាន់ថ្មី ដោយមានការចូលរួមពីលោកនាយក គ្រូបង្គោល មកពីវិទ្យាល័យចំនួន១៣ (សាលារៀនជំនាន់ថ្មី និងសាលារៀនគំរូ) ក្រុមការងារលើកកម្ពស់បរិវត្តកម្មឌីជីថលនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អង្គការ ខេប (KAPE) និងស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC)។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង៖
-ផ្តល់នូវចំណេះដឹង និងជំនាញប្រើប្រាស់ និងការបង្កើតមាតិកាអប់រំឌីជីថលតាមរយៈស្ថាប័ន EBC និង EBC's Platform
-បំប្លែងថ្នាក់រៀនបែបប្រពៃណីទៅជាបរិយាកាសសិក្សាដោយរួមបញ្ចូល និងតាមបែបទំនើប
-ជំរុញការចូលរួមរបស់គ្រូបង្រៀន និងសិស្ស តាមរយៈការប្រើប្រាស់ LMS
-ពង្រឹងពង្រីកនូវជំនាញបច្ចេកវិទ្យាឌីជីថលក្នុងចំណោមគ្រូបង្រៀន សិស្សានុសិស្ស និងអ្នកអប់រំ
-កសាងសមត្ថភាព និងផែនការសកម្មភាពសាលារៀនសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាអប់រំប្រកបដោយនិរន្តរភាព។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តម សុខ ពុទ្ធិវុធ បានកោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលរបស់ស្ថាប័ន EBC ជាពិសេសក្នុងការផលិតមាតិកាអប់រំប្រកបដោយគុណភាព ព្រមទាំងសង្កត់ធ្ងន់ពីសារៈសំខាន់នៃការប្រើប្រាស់ ប្រព័ន្ធ LMS របស់ EBC ដើម្បីលើកកម្ពស់គុណភាពអប់រំឌីជីថលនៅកម្ពុជា ៕










