ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យទីតាំងរៀបចំសោភ័ណភាពសួនច្បារ និងសម្អាតច្រាំងស្ទឹងពោធិ៍សាត់ ចាប់ពីចំណុចស្ពានថ្មថ្មីទល់មុខសាលាខេត្ត រហូតដល់ចំណុចស្ពានអាកាសផ្លូវវាងក្រុង ត្រើយខាងកើតស្ទឹង។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានឱ្យដឹងថា ក្នុងនាមរដ្ឋបាលខេត្ត លោកបានរៀបចំកែប្រែសោភណ្ឌភាពនៅក្នុងទីប្រជាជនក្រុងពោធិ៍សាត់ ពិសេសនៅតាមដងស្ទឹងពោធិ៍សាត់ ដែរឥឡូវនេះ យើងកំពុងតែធ្វើជារៀងរាល់ថ្ងៃ គឺពាក់ព័ន្ធនឹងបរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈ និងរៀបចំតាមច្រាំងស្ទឹង ដើម្បីឱ្យក្លាយជាសួន និងច្រាំងដ៏រឹងមាំ មានភាពទាក់ទាញពីសំណាក់ទេសចរជិតឆ្ងាយ។
ការរៀបចំច្រាំងស្ទឹងនេះឡើង គឺជាគុណប្រយោជន៍ សម្រាប់បម្រើដល់វិស័យទេសចរណ៍ និងផ្តល់ទីកន្លែងដល់ពុកម៉ែបងប្អូន អាចហាត់ប្រាណអង្គុយកម្សាន្តបាន តាមដងស្ទឹង។ បើយើងមិនរៀបចំទេនោះ យើងប្រាកដជាមិនដឹងអ្វីជាសោភណ្ឌភាព ហើយទីប្រជុំជនខេត្តពោធិ៍សាត់ មិនដឹងថានៅកន្លែងណាច្បាស់លាស់នោះទេ។
ឯកឧត្តម ក៏សូមថ្លែងអំណរគុណ និងសូមធ្វើការកោតសរសើរ ដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងទាំងអស់ ដែលមានការចូលរួមតាមសំណូមពរ របស់អាជ្ញាធរ ស្ម័គ្រចិត្តរុះរើរោង ឬខ្ទម ងាយស្រួលដល់ការអភិវឌ្ឍន៍គម្រោង។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ ក៏ពេញចិត្ត និងប្តេជ្ញាខិតខំប្រឹងរៀបចំច្រាំងស្ទឹង សួនច្បារ ដាំផ្កា តាំងភ្លើងលំអរនេះឡើង ដើម្បីប្រគល់ជូនទៅពួកគាត់វិញ សម្រាប់ប្រើប្រាស់អង្គុយកម្សាន្ត ដើរហាត់ប្រាណ និងជាពិសេសទាក់ទាញភ្ញៀវទេសចរ មកខេត្តពោធិ៍សាត់កាន់តែច្រើនឡើង ៕