ភ្នំពេញ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាលនិងប្រគល់ថវិកា ឧបត្ថម្ភគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាជូន ក្រុមគ្រួសារសពរបស់មន្ត្រីនគរបាលជាតិមរណៈ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៧រូប ដែលបានទទួលមរណភាព កាលពីកន្លងមក។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ សាកសួរសុខទុក្ខជាមួយក្រុមគ្រួសារសពរបស់ មន្ត្រីនគរបាលមរណៈទាំង១៧រូប និងបានពាំនាំនូវបណ្តាំសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិជូនចំពោះគ្រួសារសពមន្រ្តីនគរបាលមរណៈ  ជាមួយនូវការសម្តែងក្តីសោកស្តាយចំពោះការបាត់បង់មន្រ្តីនគរបាលដែលមានស្នាដៃក្នុងបុព្វហេតុបម្រើជាតិ និងមាតុភូមិកម្ពុជា ហើយគុណតម្លៃស្នាដៃទាំងនេះគឺស្ថិតក្នុងការចងចាំជានិច្ចមិនអាចភ្លេចបាន។ 
ជាមួយគ្នានោះ ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយឆ្លើយចំពោះវីរភាពស្នាដៃរបស់មន្រ្តីនគរបាលគឺថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  បានយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរបស់បងប្អូន ហើយបានរៀបនូវថវិកាគោលនយោបាយដើម្បីរួមចំណែកដោះស្រាយនិងកាត់បន្ថយការលំបាកក្នុងជីភាព ដើម្បី ជាការតបស្នងដឹងគុណនូវអ្វីដែលជាគុណបំណាច់ដ៏ធំធេងរបស់បងប្អូនជាមន្រ្តីនគរបាលដែលបានលះបង់សព្វបែបយ៉ាងចំពោះជាតិនិងមាតុភូមិកម្ពុជា។
ក្រោយបញ្ចប់ការសំណេះសំណាល ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានធ្វើការប្រគល់ថវិកាឧបត្ថម្ភគោលនយោបាយរបស់រាជរដ្ឋាភិបាល ជូនដល់ក្រុមគ្រួសារសពទាំង១៧រូបផងដែរ ៕




















