ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកស្រីបណ្ឌិត Ada Moadsiri តំណាងអង្គការសុខភាពពិភពលោក-កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសជាផ្លូវការ “ក្រុងស្ទឹងសែន ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី” ក្នុងទឹកដីនៃខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងអំពីសក្តានុពល និងវឌ្ឍនៈភាពរបស់ខេត្តកំពង់ធំ ជាពិសេសវិស័យទេសចរណ៍។ ឯកឧត្តមបន្តថា ខេត្តកំពង់ធំ ជាខេត្តចំណាស់មួយសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌ ប្រាសាទបុរាណ និងមានតំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌ជាច្រើន ក្នុងនោះ រមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងខេត្តសរុប ២១ទីតាំង។ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៥ ចំនួនទេសចរដែលបានមកស្នាក់នៅក្នុងខេត្តកំពង់ធំសរុបជាង ១២ម៉ឺននាក់ កើនឡើង ០.៩៥% បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ឯកឧត្តមបានបន្តទៀតថា វិស័យទេសចរណ៍ បានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ មានជីវភាពកាន់តែល្អប្រសើរ។ ហើយសមិទ្ធផលដែលកើតមានក្នុងវិស័យទេសចរណ៍ខេត្តកំពង់ធំ ត្រូវបានមើលឃើញ និងឆ្លុះបញ្ចាំង តាមរយៈការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ ដែលបានដាក់ចេញសំដៅធានាបាននូវតុល្យភាពរវាងផលប្រយោជន៍ខាងផ្នែកបរិស្ថាន សេដ្ឋកិច្ច សង្គម និងវប្បធម៌ តុល្យភាពនេះ គឺជាកត្តាសំខាន់បំផុត សម្រាប់និរន្តរភាពនៃវិស័យទេសចរណ៍នៅកម្ពុជា ក៏ដូចជាខេត្តកំពង់ធំ ពោលគឺការអភិរក្សបម្រើឱ្យការអភិវឌ្ឍ និងការអភិវឌ្ឍគាំទ្រដល់ការអភិរក្ស។
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្តកំពង់ធំ ដែលតែងអនុវត្តយុទ្ធនាការ ផ្សព្វផ្សាយ កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្ដៅ និងចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ដែលជាការចូលរួមចំណែកក្នុងការជំរុញការអភិវឌ្ឍវិស័យ ទេសចរណ៍នៅក្នុងខេត្តកំពង់ធំ មានលក្ខណៈកាន់តែល្អប្រសើរ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា បរិស្ថានគ្មានផ្សែងបារី “Smoke-Free” ជាបរិបទមួយដែលពិភពលោកក៏ដូចជា តំបន់បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលអាចប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋទូទាំងពិភពលោក។ បច្ចុប្បន្នថ្នាំជក់សម្លាប់មនុស្សប្រមាណ ៦លាននាក់ ទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ដែលគិតជាមធ្យមប្រមាណជា ១៦.៤៣៨នាក់ ក្នុងមួយថ្ងៃ ក្នុងនោះ មានអ្នកស្រូបផ្សែងបារីពីគេចំនួន ៦សែននាក់។ អ្នកស្លាប់ទាំងនោះគឺបណ្តាលមកពីជំងឺមហារីកសួត ដាច់សរសៃឈាមខួរក្បាល មហារីកមាត់ គាំងបេះដូង ក្រិនសរសៃឈាម មហារីកក្រពះ ប្លោកនោម។ល។ ចំពោះ ស្រ្តីដែលមានគភ៌អាចធ្វើឱ្យទារកកើតមកខ្វះទម្ងន់ និងមានរាងកាយមិនគ្រប់លក្ខណៈ។
បើគ្មានវិធានការទប់ ស្កាត់ប្រកបដោយប្រសិទ្ធភាពទេ នៅឆ្នាំ២០៣០ ថ្នាំជក់អាចនឹងសម្លាប់មនុស្សប្រមាណ ៨លាននាក់ ក្នុងមួយឆ្នាំ ហើយ ៨០%នៃអ្នកស្លាប់គឺស្ថិតនៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ ដោយឡែកនៅកម្ពុជាក្នុងមួយឆ្នាំៗ ប្រជាពលរដ្ឋប្រមាណ ១ម៉ឺននាក់បានស្លាប់ ជារៀងរាល់ឆ្នាំ បណ្ដាលមកពីជំងឺបង្កដោយការប្រើប្រាស់ថ្នាំជក់។ ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នចូលជាសមាជិកអនុសញ្ញា ស្តីពីការត្រួតពិនិត្យថ្នាំជក់ ក្នុងការគាំទ្រ និងប្ដេជ្ញាអនុវត្តតាមគោលការណ៍ណែនាំដែលមានចែងក្នុងអនុសញ្ញារបស់អង្គការសុខភាព ពិភពលោក ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ និងរួមចំណែកផលប៉ះពាល់លើសុខភាព បរិស្ថាន និងសេដ្ឋកិច្ច។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានអបអរសាទរ ដល់ក្រុងស្ទឹងសែន ក៏ដូចជាក្នុងខេត្តកំពង់ធំ ដែលទទួលបានជ័យលាភីជាទីក្រុង ទេសចរណ៍គ្មានផ្សែងបារី តាមរយៈជ័យលាភីនេះនឹងជួយឱ្យខេត្តកំពង់ធំកាន់តែលេចធ្លោ និងទាក់ទាញ បន្ថែមទៀតពីសំណាក់ទេសចរក្នុងស្រុក និងទេសចរបរទេស ៕




















