ភ្នំពេញ៖ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តពោធិ៍ជ័យមង្គល (វត្តដំណាក់ចា៎) ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំមួយ នៅក្នុងចំណោមពិធីបុណ្យផ្សេងៗនៅកម្ពុជា ដែលប្រជាជនខ្មែរនាំគ្នាប្រារព្ធធ្វើឡើងមិនដែលអាក់ខានឡើយជារៀងរាល់ឆ្នាំ គឺចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃទី១៤រោច ដែលមាន រយៈពេល១៤ថ្ងៃ ដោយហៅថាបុណ្យកាន់បិណ្ឌ១, បិណ្ឌ២ រហូតដល់បិណ្ឌ១៤ និងនៅថ្ងៃ១៥រោច គឺជាថ្ងៃ «ភ្ជុំបិណ្ឌ» ធំតែម្តង។ សម្រាប់បុណ្យភ្ជុំបិណ្ឌនៅឆ្នាំនេះ គឺចាប់ផ្ដើមដាក់បិណ្ឌចាប់ថ្ងៃទី៨ ខែកញ្ញា រហូតដល់ថ្ងៃទី២១ ខែកញ្ញា និងថ្ងៃភ្ជុំបិណ្ឌធំនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម និងលោកជំទាវ តែងតែដឹកនាំក្រុមគ្រួសារ និងមន្ត្រីរាជការមកប្រារព្ធពិធីបុណ្យប្រពៃណីជាតិនេះនៅតាមវត្តអារាមនានាយ៉ាងខ្ជាប់ខ្ជួន។ នៅក្នុងឱកាសដ៏មហោឡារិកនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម និងលោកជំទាវ បានឧទ្ទិសសុំឱ្យមគ្គផលដែលកើតចេញពីការធ្វើបុណ្យថ្ងៃនេះ សូមឱ្យជាតិខ្មែរទាំងមូលបានជួបតែសេចក្តីសុខក្សេមក្សាន្តជានិច្ចនិរន្តរ៍ ៕










