អភិបាលខេត្តកណ្តាល ណែនាំអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ធ្វើបច្ចុប្បន្នភាពពលករ អ្នកមិនទាន់មានការងារធ្វើ ដើម្បីងាយស្រួលដោះស្រាយរកការងារសាកសមជូនគាត់
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តកណ្តាល ណែនាំអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ធ្វើបច្ចុប្បន្នភាពពលករ អ្នកមិនទាន់មានការងារធ្វើ ដើម្បីងាយស្រួលដោះស្រាយរកការងារសាកសមជូនគាត់


ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានជំរុញដល់អាជ្ញាធរមូលដ្ឋាន រដ្ឋបាលក្រុង-ស្រុកទាំង១៣ និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវធ្វើបច្ចុប្បន្នភាពរបស់បងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃ ដែលមិនទាន់មានការងារធ្វើអោយបានច្បាស់លាស់ ដើម្បីងាយស្រួលស្វែងរកការងារធ្វើ អោយសាកសមជូនគាត់អោយបានគ្រប់ៗគ្នា ពិសេសអាជ្ញាធរមូលដ្ឋានត្រូវខិតខំចុះបញ្ជីធ្វើអត្តសញ្ញាណប័ណ្ណ អាត្រានុកូលដ្ឋានជាដើមជូនពួកគាត់ ដើម្បីងាយស្រួលជួយពួកគាត់ឱ្យទទួលបានការងារធ្វើនៅក្នុងស្រុកនឹងជាពិសេសកូនចៅរបស់ពួកគាត់បានចូលរៀនសូត្របានគ្រប់ៗគ្នា ឯកឧត្តមមានប្រសាសន៍បែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងផ្សព្វផ្សាយព័ត៌មានឱកាសការងារ ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរ ទើបត្រឡប់មកពីប្រទេសថៃ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម សេង សក្កា រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហោ សុខណាក់ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តកណ្តាល។ 

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍បន្ថែមថា៖ ការជំរុញដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវធ្វើបច្ចុប្បន្នភាពអោយបានច្បាស់ នូវបងប្អូនដែលជាពលករទើបនឹងវិលត្រឡប់មកពីប្រទេសថៃ គឺដើម្បីងាយស្រួលជួយដល់ពួកគាត់ក្នុងការស្វែងរកការងារធ្វើនៅក្នុងភូមិសាស្ត្រខេត្តកណ្តាលរបស់យើង។ 

ឯកឧត្តមអភិបាលខេត្តកណ្ដាល បានបន្តថា៖ បន្ទាប់ពីមានការបង្កអរិភាព និងឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជាពីសំណាក់ទាហានសៀម បងប្អូនចំណាកស្រុកបានវិលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជាវិញ។ ការវិលត្រឡប់នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ បានត្រៀមរួចជាស្រេចក្នុងផ្តល់ការបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ ក៏ដូចជាផ្តល់ការងារជូនពួកគាត់។ 

ឯកឧត្តមអភិបាលខេត្ត បានបន្តថា៖ ខេត្តកណ្តាល មានបងប្អូនពលករបានវិលត្រលប់មកស្រុកវិញប្រមាណ ២៦៦៨នាក់។ ប៉ុន្តែបញ្ហានៅត្រង់ថា ក្នុងចំណោមអ្នកវិលមកវិញនេះ មានអ្នកមកចុះឈ្មោះរកការងារធ្វើតែជាង១ពាន់នាក់ប៉ុណ្ណោះ។ ដូច្នេះយើងត្រូវធ្វើបច្ចប្បន្នភាពអោយច្បាស់ ដើម្បីដឹងថាពួកគាត់ដែលមកវិញ គាត់ធ្វើអ្វី នៅទីកន្លែងណា។ 

សូមបញ្ជាក់ថា៖ ពាក់ព័ន្ធអ្នកចំណាកស្រុកដែលវិលត្រលប់មកវិញនេះ តាមការឲ្យដឹងពីអាជ្ញាធរស្រុកនានា មួយចំនួនបានចេញពីមូលដ្ឋានដើម្បីស្វែងរកការងារធ្វើដោយខ្លួនឯង ទៅរស់នៅជាមួយក្រុមគ្រួសារនៅខេត្តផ្សេង រីឯពួកគាត់មួយចំនួនក៏បានរស់នៅបង្កបង្កើនផល នៅក្នុងភូមិរបស់ពួកគាត់ ដែលអាចជាមូលហេតុធ្វើឲ្យអ្នកស្វែងរកការងារធ្វើមានចំនួនតិច។បើទោះជាយ៉ាងនេះក្តី អាជ្ញាធរខេត្តនៅតែជំរុញឲ្យមានការចុះធ្វើបច្ចុប្បន្នភាពនេះឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការជួយពួកគាត់ឲ្យចំគោលដៅ ហើយវាក៏ជាផ្នែកមួយក្នុងការជួយដល់រាជរដ្ឋាភិបាលអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយការធ្វើចំណាកស្រុកទៅកាន់ប្រទេសដទៃ ជាពិសេសប្រទេសថៃ។ 

បើតាមរបាយការណ៍របស់មន្ទីរការងារខេត្តកណ្តាល បានឱ្យដឹងថា៖ បច្ចុប្បន្នខេត្តកណ្តាល មានសហគ្រាស គ្រឹះស្ថានចំនួន ២០៣១ ដែលមានកម្មករនិយោជិតសរុបចំនួន ២១៥,៤៧២នាក់ ស្រី ១៤៣,០៦៧នាក់។ ក្នុងនោះវិស័យផលិតកម្មវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង ផលិតផល ធ្វើដំណើរ និងផលិតផលធ្វើពីស្បែកសត្វ មានចំនួន ២៨៣ មានកម្មករនិយោជិតសរុបចំនួន ១៧៧,៧៥៦នាក់ ស្រី ១២៧,៤២៥នាក់។ក្នុងនោះពលករដែលបានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ បានវិលត្រឡប់មកខេត្តកណ្តាលវិញមានចំនួន ២,៦៦៨នាក់ ស្រី ១,២៧៥នាក់ និងមានកុមារនៅក្នុងបន្ទុក គ្រួសារមានអាយុក្រោម១៨ឆ្នាំ ចំនួន ៣៧៧នាក់ ស្រី ១៩៤នាក់។ក្នុងចំណោមប្រជាពលរដ្ឋទាំង ២,៦៦៨នាក់ នៅក្នុងខេត្តកណ្តាល ដែលបានវិលត្រឡប់មកពីប្រទេសថៃ មានពលករចំនួន ១,៣៩៨នាក់ ស្រី ៦,៤៤នាក់ បានទទួលការងារធ្វើ ក្នុងនោះក៏មានពលករដែរវិលត្រឡប់មកពីប្រទេសថៃនៅក្នុងខេត្តកណ្តាល មិនទាន់មានការងារធ្វើមានចំនួន ៨៩៣នាក់ ស្រី ៤៣៧នាក់ (គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥) ៕
















Previous Post Next Post