ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ នៅព្រឹកថ្ងៃ១៦ ខែកញ្ញា ឆ្នាំ ២០២៥នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងពីការរីកចម្រើននិងសមិទ្ធិផលនានាដែលកើតចេញពីកត្តាសុខសន្ដិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាព្រមទាំងបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តរួបរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ជាពិសេសធ្វើយ៉ាងណាអភិវឌ្ឍន៍ប្រទេសកម្ពុជាអោយកាន់តែរីកចម្រើនទ្វេឡើង។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា ប្រទេសកម្ពុជាធ្លាប់បែកបាក់ផ្ទៃក្នុងនិងមានសង្រ្គាមរាប់សត្សវត្តន៍មកហើយ។ ដើម្បីសម្រេចទាំងស្រុងនូវដំណើរការស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញ និងដឹកនាំអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញលេញ ជូនប្រជាជន និងប្រទេសជាតិ ចាប់ពីឆ្នាំ១៩៩៨ មក។ រយៈពេល២៧ឆ្នាំ ដែលកម្ពុជាមានសន្តិភាព មានស្ថេរភាពនយោបាយ បានធ្វើឲ្យប្រទេសជាតិចាកផុតពីភាពក្រីក្រ រហូតមានការរីកចម្រើន និងអភិវឌ្ឍលើគ្រប់វិស័យ ចាប់តាំងពីទីក្រុងដល់ជនបទ ដូច្នេះដើម្បីថែរក្សាសុខសន្តិភាពអោយបានគង់វង្សយូរអង្វែង និងមានអ្វីៗដូចសព្វថ្ងៃ គម្បីបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ត្រូវចេះស្រលាញ់ និងរូបរួមសាមគ្គីគ្នា និងបន្តជឿជាក់លើរាជរដ្ឋាភិបាលរបស់យើង។
ឯកឧត្តម វ៉ី សំណាង បានថ្លែងបន្តថា ដោយសារប្រទេសមានសុខសន្តិភាពបានធ្វើឲ្យបណ្ដាក្រុមហ៊ុនធំៗ អ្នកវិនិយោគគិនក្នុង និងក្រៅប្រទេស បានមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើន ជាពិសេសសម្រាប់ខេត្តតាកែវក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំនេះមានរោងចក្រជាច្រើនបាននឹងកំពុងមក វិនិយោគនៅលើទឹកដីខេត្តតាកែវ ដែលកំពុងត្រូវការកម្មកររាប់ពាន់នាក់ឲ្យចូលបម្រើការ យើងមានព្រលានយន្តហោះដ៏ធំលំដាប់ទី៩លើពិភពលោកដែលបានសម្ភោធដាក់ឲ្យដំនើរការថ្មីៗកន្លងទៅនេះ ហើយបន្ដិចទៀតនេះក្នុងខេត្តតាកែវយើងក៏នឹងមានព្រែកជីកដ៏ធំសម្រាប់ធ្វើការដឹកទំនិញឆ្លងកាត់ពីទន្លេ ទៅកាន់សមុទ្រផងដែរ។ សមិទ្ធិផលទាំងអស់នេះមិនមែនកើតឡើងដោយចៃដន្យនោះទេ គឺបានមកពីការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត និងមន្រ្តីពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាសំដៅធ្វើយ៉ាងណាសម្រេចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ ៕











