ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១១ នៅវត្តសិរីសន្ធរវង្ស (ហៅវត្តក្រចេះក្រុង) ស្ថិតក្នុងក្រុងក្រចេះ ខេត្តក្រចេះ។
ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋបាលខេត្តក្រចេះ កងកម្លាំំប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទ ដោយបានបូជាទៀនធូបផា្កភ្ញី ចំពោះព្រះរតនត្រៃសមាទានសិល ធ្វើកិច្ចនមស្សការបង្សុកុល ព្រមទាំងបាននាំយកនូវបច្ច័យ ទេយ្យទានគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើជាច្រើនមុខ វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃជូនទៅដល់វិញ្ញានក្ខ័ន្ធបុព្វការីជនមានមាតាបិតាជីដូនជីតាញាតិការទាំង៧សណ្ដាន និងជូនចំពោះ វិញ្ញាណក្ខន្ធវិរកងទ័ព បុព្វបុរសអ្នកស្នេហាជាតិ ដែលបានពលី អាយុជីវិត ដើម្បីភាពគង់វង្សនៃបូរណភាពទឹកដី ជាតិមាតុភូមិ ឱ្យ ទទួលបានសុខសន្ដិភាព ភាពរីកចម្រើនសម្បូររុងរឿង។
នាឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី និងថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត។
ពិធីបុណ្យកាន់បិណ្ឌ គឺជាពិធីបុណ្យសាសនាដ៏ធំមួយក្នុងចំណោមពិធីបុណ្យផ្សេងៗទៀត ដែលប្រជាពលរដ្ឋខ្មែរ តែងគោរព ប្រណិប័តន៍ ដើម្បីរំលឹក និងឧទិ្ទសកុសលដល់សាច់ញាតិ មាតាបិតា បុព្វការីជន ដែលបានលាចាកទៅលោកខាងមុខ។ ប្រជាពលរដ្ឋភាគច្រើន បានយកម្ហូបអាហារ និងផ្លែឈើ នំចំណីទៅប្រគេនដល់ព្រះសង្ឃ នៅតាមវត្តអារាមចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥ ខែភទ្របទ ដែលជាថ្ងៃឆ្លងបញ្ចប់ ឬគេហៅថា ថ្ងៃបុណ្យភ្ជុំបិណ្ឌ ៕
























