ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការទទួលបន្ទុកការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ស្តីពី គណៈកម្មការទទួលបន្ទុកអនុវត្តវិធានការរដ្ឋបាល នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងឯកឧត្តម តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជាអនុប្រធាន និងសមាជិកនៃគណៈកម្មការនេះ ព្រមទាំងលោក លោកស្រី អភិបាលរង នៃគណៈអភិបាលរាជធានី ខេត្ត រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ឯកឧត្តម ប៊ុន ហុន ប្រធានអង្គប្រជុំ បានមានប្រសាសន៍ថាកិច្ចប្រជុំនៅពេលនេះ គឺមានគោលបំណងដើម្បីពិនិត្យ និងពិភាក្សាទៅលើរបៀបវារៈចំនួន៤ ចំពោះ គណៈកម្មការទទួលបន្ទុកអនុវត្តវិធានការរដ្ឋបាល នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។
ក្នុងនោះអង្គប្រជុំបានពិនិត្យ និងពិភាក្សាអំពីផែនការសកម្មភាពរបស់គណៈកម្មការខាងលើនេះសម្រាប់ឆ្នាំ២០២៦ និងទម្រង់បញ្ជីទីតាំងគោលដៅងាយរងគ្រោះបទល្មើសគ្រឿងញៀន និងពិភាក្សាទៅលើកិច្ចការងារសម្រាប់ត្រីមាសទី៣ ចុងឆ្នាំ២០២៥ នេះ។
ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ បានមានប្រសាសន៍បន្តថា គណៈកម្មការនេះនឹងចាប់ផ្តើមអនុវត្តការងារពីពេលនេះទៅ និងបានស្នើឱ្យក្រុមការងាររដ្ឋបាលនៃគណៈកម្មការទទួលបន្ទុកអនុវត្តវិធានការរដ្ឋបាល ធ្វើការកែសម្រួលផែនការសកម្មភាពឆ្នាំ២០២៦ និងទម្រង់បញ្ជីទីតាំងគោលដៅងាយរងគ្រោះបទល្មើសគ្រឿងញៀន ដោយស្មារតីទទួលខុសត្រូវខ្ពស់ រួចផ្ញើជូនឯកឧត្តម លោកជំទាវ អស់លោក លោកស្រីដែលជាសមាជិក សមាជិកាដើម្បីអនុវត្ត ៕























