រដ្ឋមន្ត្រីធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្ត្រីធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប


ភ្នំពេញ៖
កាលពីថ្ងៃសៅរ៍ ៥កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ និងខេត្តសៀមរាប ព្រមទាំងអាជ្ញាធរទន្លេសាប បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប ដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងតំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារ បានអញ្ជើញចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកជំនន់នៅប្រឡាយខ្នាត ស្ថិតក្នុងភូមិកំពង់ក្តី១ និងនៅចំណុចស្ពានកំពង់ក្តី ស្ថិតក្នុងភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ព្រមទាំងប្រឡាយអូរជីម៉ាស ស្ថិតក្នុងស្រុកស្ទោង និងចំណុចអូរទូចឡឹក ស្ថិតក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលក្រុមការងារបានអន្តរាគមន៍កាយផ្តាច់បើកមុខទឹក ដើម្បីសម្រួលចរន្តទឹកឱ្យហូរធ្លាក់ទៅបឹងទន្លេសាបបានឆាប់ និងជួយបន្ថយសម្ពាធទឹកស្ទឹងសែនដែលកំពុងឈានទៅដល់កម្រិតកម្ពស់ប្រុងប្រយ័ត្ន។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្រេចឱ្យក្រុមការងារក្រសួងសាងសង់ស្ពានបេឡេប្រវែង ២៥ម៉ែត្រ ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរជាបណ្តោះអាសន្ន ដោយសារចំណុចកាយផ្តាច់នៅតំបន់អូរទូចឡឹកជាទំនប់ដែលមានមុខងារជាផ្លូវធ្វើចរាចរណ៍។ 

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយម ត្រូវបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងស្ថាប័នពាក់ព័ន្ធ រួមគ្នាធ្វើការវាយតម្លៃការខូចខាតឱ្យបានច្បាស់លាស់ និងលើកផែនការជាក់លាក់ ដើម្បីជាវិធានការជួយដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៃទឹកជំនន់។ លើសពីនេះត្រូវត្រៀមការឆ្លើយតបជាប្រចាំ នៅតាមទីតាំងដែលងាយរងការជន់លិច ដើម្បីធ្វើការបញ្ចៀសទឹកកុំឱ្យបន្តជន់លិចហេដ្ឋារចនាសម្ព័ន្ធ វត្តអារ៉ាម សាលារៀន និងផ្ទះបងប្អូនប្រជាពលរដ្ឋ ៕



























Previous Post Next Post