ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូគណៈកម្មាធិការនយោបាយ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំការងារសម្រាប់ចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។
កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម ង៉ាញ់ ចំរើន អនុប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥ នៃរដ្ឋសភា អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញបច្ចេកទេសដែលជាជំនួយការគណៈប្រតិភូគណៈកម្មាធិការនយោបាយ សរុបចំនួន ១៥រូប។
ឯកឧត្តម សួស យ៉ារ៉ា បានដឹកនាំកិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលើការផ្តល់ធាតុចូលទៅលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន៨ នៃគណ:កម្មាធិការនយោបាយ បានចប់សព្វគ្រប់។ ឯកឧត្តមគ្រោងនឹងប្រគល់ជូនសេចក្តីព្រាងសេចក្តីសម្រេចទាំងអស់ទៅកាន់លេខាធិការដ្ឋានអាយប៉ា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ជាកាលបរិច្ឆេទចុងក្រោយ។
សូមបញ្ជាក់ថា មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នឹងប្រារព្ធធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ដែលនឹងត្រូវចូលរួមមហាសន្និបាតនេះ ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម សួស យ៉ារ៉ា សមាជិកគណៈប្រតិភូសភាកម្ពុជា ត្រូវបានចាត់តាំងជាប្រធានគណៈប្រតិភូគណៈកម្មាធិការនយោបាយ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នោះ ៕










