ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ សិក្ខាសាលាពិគ្រោះយោបល់ជាសាធារណៈលើនីតិវិធីនៃការចុះបញ្ជីសហគ្រាសនិងកម្មករនិយោជិត និងការបង់ភាគទានមកក្នុងបេឡាជាតិសន្ដិសុខសង្គម បានបិទបញ្ចប់ដោយជោគជ័យ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។
ក្នុងឱកាសថ្លែងបិទសិក្ខាសាលានេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានអរគុណយ៉ាងជ្រាលជ្រៅចំពោះតំណាងក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន និងសមាគម ទាំងអស់ដែលបានចូលរួមផ្ដល់ជាធាតុចូលយ៉ាងមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះ។
ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ធាតុចូលគន្លឺះទាំងនេះ នឹងក្លាយជាមូលដ្ឋានដ៏រឹងមាំក្នុងការកែលម្អប្រព័ន្ធចុះបញ្ជីសហគ្រាសនិងកម្មករនិយោជិត និងការបង់ភាគទាន ឱ្យកាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមបណ្ឌិត បានបន្តទៀតថា ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យានេះ គឺដើម្បីធានាថា គ្រប់កម្មករនិយោជិតទាំងអស់ ត្រូវទទួលបានអត្ថប្រយោជន៍របបសន្ដិសុខសង្គមពេញលេញ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ៕
















