ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ តំណាងក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន និងសមាគម ប្រមាណជា ១០០នាក់ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ជាសាធារណៈលើនីតិវិធីនៃការចុះបញ្ជីសហគ្រាស និងកម្មករនិយោជិត និងការបង់ភាគទានមកក្នុងបេឡាជាតិសន្ដិសុខសង្គម ក្រោមអធិបតីភាព ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។
មានប្រសាសន៍បើកសិក្ខាសាលានេះ ឯកឧត្តមអគ្គនាយករង បានថ្លែងឡើងថា ប.ស.ស. បានដើរតួនាទីយ៉ាងបុរេសកម្មសម្រាប់បម្រើសេវាដល់សមាជិក ដែលបច្ចុប្បន្ន ប.ស.ស. បាននិងកំពុងអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាគ្រប់ទម្រង់ ជាក់ស្ដែងដូចប្រព័ន្ធចុះបញ្ជីសហគ្រាស និងកម្មករនិយោជិត និងបង់ភាគទាននេះ ដែលនឹងផ្ដល់ភាពងាយស្រួល ឆាប់រហ័សដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន នៅពេលដំណើរការសហគ្រាសថ្មី បង់ភាគទានប្រចាំខែ និងចុះបញ្ជីបងប្អូនកម្មករនិយោជិតចូលបម្រើការងារភ្លាមៗ មកក្នុងប្រព័ន្ធ ប.ស.ស. ដើម្បីកំណត់អត្តសញ្ញាណដោយពុំចាំបាច់មកដោយផ្ទាល់នោះទេ។
ឯកឧត្តមអគ្គនាយករង បានបន្ថែមថា ដើម្បីឱ្យប្រព័ន្ធបច្ចេកវិទ្យានេះមានភាពគ្រប់ជ្រុងជ្រោយ ទាមទារឱ្យសិក្ខាកាមទាំងអស់ចូលរួមផ្ដល់ធាតុចូលឱ្យបានផុសផុល ដើម្បីធានាបានថា គ្រប់កម្មករនិយោជិតទាំងអស់ត្រូវតែទទួលបានការគ្របដណ្ដប់ដោយរបបសន្ដិសុខសង្គម ដែលជាអត្ថប្រយោជន៍ និងសិទ្ធិដែលពួកគាត់ត្រូវទទួលបាន តាមរយៈការអនុវត្តប្រព័ន្ធបច្ចេកវិទ្យានេះ។
ឯកឧត្តមអគ្គនាយករង សង្ឃឹមយ៉ាងមុតមាំថា អង្គសិក្ខាសាលា នឹងផ្ដល់ធាតុចូលដើម្បីជាប្រយោជន៍សម្រាប់ការអភិវឌ្ឍនូវប្រព័ន្ធបច្ចេកវិទ្យារបស់ ប.ស.ស. ឱ្យកាន់តែរីកចម្រើន ដើម្បីក្លាយជាប្រព័ន្ធមួយសម្រាប់ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន អាចទទួលបានភាពងាយស្រួល ឆាប់រហ័ស និងត្រឹមត្រូវ ៕

















