ភ្នំពេញ៖ នារសៀល ថ្ងៃពុធ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើម ស្តីពីការរៀបចំតាក់តែងផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ (ផអ៥ទី២)។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិភាក្សាលើផែនការសកម្មភាពជាអាទិភាព និងការរៀបចំក្របខណ្ឌលទ្ធផល ផអ៥ទី២ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (កជទី២)។
ថ្លែងក្នុងសុន្ទរកថាបើកកិច្ចប្រជុំ ឯកឧត្តមប្រធានអង្គប្រជុំ បានលើកឡើងថា “ការរៀបចំតាក់តែងផអ៥ទី២ នេះ មិនមែនជារឿងថ្មីសម្រាប់លេខាធិការដ្ឋាន គ.ជ.អ.ប. នោះទេ តែក្រុមការងារត្រូវតែយកចិត្តទុកដាក់ក្នុងការបន្តរៀបចំនូវការងារដ៏ចាំបាច់មួយនេះ សម្រាប់អនុវត្តផអ៥ទី២ ឱ្យសមស្របទៅតាមក្របខណ្ឌពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ ការរៀបចំតាក់តែងផែនការនេះ ត្រូវតែមានសុគតភាពទៅនឹងកម្មវិធីកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ ក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងភាពរីកចម្រើននៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។
សកម្មភាពសំខាន់ៗនៃដំណើរការរៀបចំឯកសារ ផអ៥ទី២ មានដូចជា៖ ១). សិក្សាស្រាវជ្រាវ វិភាគអំពីស្ថានភាពនៃការអនុវត្ត ផអ៥ទី១ និងរៀបចំរបាយការណ៍សង្ខេបស្តីពីការរកឃើញសំខាន់ៗ, ២). រៀបចំគ្រោងរចនាសម្ព័ន្ធនៃឯកសារ ផអ៥ទី២ (តារាងតក្កភាព គោលបំណង គោលដៅ សមិទ្ធផល និងលទ្ធផលរំពឹងទុក), ៣). ពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ដើម្បីប្រមូលធាតុចូលក្នុងការរៀបចំឯកសារ, ៤). រៀបចំសេចក្តីព្រាងបឋមនៃឯកសារ ផអ៥ទី២ និងការរៀបចំឯកសារយុទ្ធសាស្រ្តពាក់ព័ន្ធនឹងកិច្ចការអន្តរវិស័យ, ៥). រៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ អំពីសេចក្តីព្រាងបឋមនៃឯកសារ ផអ៥ទី២ និង៦). រៀបចំសេចក្តីព្រាងចុងក្រោយនៃ ផអ៥ទី២។
គូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំ និងដាក់ចេញនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (កជទី២) រយៈពេល១០ឆ្នាំ (២០២១-២0៣០) ហើយកម្មវិធីជាតិនេះ ត្រូវបានបែងចែកជា២ដំណាក់កាល ដែលដំណាក់កាលនីមួយៗមានរយៈពេល៥ឆ្នាំ ៕


















