ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលបុណ្យមណ្ឌលអប់រំកែប្រែទី១ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ បានដឹកនាំមន្ត្រីក្រោមឱវាទទាំងអស់ និមន្តព្រះសង្ឃចំនួន ០៩អង្គ ប្រារឰពិធីសូត្រមន្ត រាប់បាត្រ បង្សុកូល និងពូនភ្នំខ្សាច់ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធបុព្វការីជន ដែលបានចែកឋានទៅ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី១៣។
ក្នុងកម្មវិធីនោះដែរ ឯកឧត្តមប្រធាន បានប្រគេនទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃ ចំនួន ០៩អង្គ ក្នុងមួយអង្គៗចំនួន ១០០,០០០រៀល និងតាជីយាយជី ចំនួន ០៩នាក់ ក្នុងម្នាក់ៗចំនួន ៥០,០០០រៀល។ ឯកឧត្តមប្រធាន បានចាត់ចែងចូលបច្ច័យកសាងចំនួន ៣,០០០,០០០រៀល សម្រាប់ ៣វត្ត ដោយក្នុងនោះក្នុងមួយវត្តទទួលបានបច្ច័យកសាងចំនួន ១,០០០,០០០រៀល។
ក្រៅពីនោះ ឯកឧត្តមប្រធានមណ្ឌល ក៏បានអនុញ្ញាតឲ្យជនជាប់ឃុំចំនួន ២៣៧នាក់ បានប្រគេនបច្ច័យដល់ព្រះសង្ឃ បង្សុកូល ពូនភ្នំខ្សាច់ និងរាប់បាត្រឧទ្ទិសកុសល ដល់ញាតិការបស់ខ្លួនទៅតាមប្រពៃណីព្រះពុទ្ធសាសនា ប្រកបដោយបរិយាកាសសប្បាយរីករាយ និងដោយកុសលជ្រះថ្លារៀងៗខ្លួន ៕



























