ភ្នំពេញ៖ កាលពីថ្ងៃព្រហស្បតិ៍ ១២រោច ខែស្រាពណ៌ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៥ ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោង SAAMBAT បានដឹកនាំបេសកកម្ម ចុះត្រួតពិនិត្យការងារបច្ចេកទេស និងពិនិត្យវឌ្ឍនភាពនៃការសាងសង់ដើម្បីត្រៀមទទួលស្វាគមន៍នៅក្នុងខែកញ្ញាខាងមុខនេះ ដល់ក្រុមបេសកកម្មដែលជាតំណាងមកពី IFAD EIB និង EU លើការគាំទ្រការអនុវត្តគម្រោង នៅខេត្តតាកែវ និងខេត្តកំពត។ ដំណើរបេសកកម្មនេះ អមដំណើរដោយ លោក ទូច ស៊ីផាត ប្រធានគ្រប់គ្រងគម្រោង SAAMBAT, លោក ហ៊រ សូរិន ប្រធានមន្ទីរ និងជាប្រធានអនុវត្តគម្រោង SAAMBAT ប្រចាំខេត្តកំពត, លោក ទឹម ប៊ុនធឿន ប្រធានអនុវត្តគម្រោង SAAMBAT ប្រចាំខេត្តតាកែវ, ក្រុមទីប្រឹក្សាគម្រោង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស SP1។
តាមរយៈបេសកកម្មនេះ ទទួលបានលទ្ធផលដូចខាងក្រោម៖
ខេត្តតាកែវ៖
-(ដើមដូង-Road No.111) ប្រវែងសរុប ១៥,៧៥ គ.ម ក្នុងនោះក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែង ១៣,២០ គ.ម និងក្រាលបេតុងប្រវែង ២,៥៥ គ.ម តភ្ជាប់ពីភូមិសំរោង ឃុំរមេញ ទៅដល់ភូមិដើមដូង ឃុំក្រពុំឈូក ស្រុកកោះអណ្តែក ដោយសម្រេចលទ្ធផលបាន ៦០,៧៥%។
-(ភូមិពោន-វត្តក្រពុំឈូក) ប្រវែងសរុប ៦,៧៨ គ.ម ក្នុងនោះក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែង ៥,៨៦ គ.ម និងក្រាលបេតុងប្រវែង ០,៩២ គ.ម តភ្ជាប់ពីភូមិជន្ទល់មេឃ ឃុំពេជសារ ទៅដល់ភូមិក្រពុំឈូក ឃុំក្រពុំឈូក ស្រុកកោះអណ្តែត។ ក្រុមការងារក៏បានចុះពិនិត្យកំពង់ដមួយដែលកំពុងដំណើរការសាងសង់នៅឃុំរមេញ ស្រុកកោះអណ្តែត ដោយសម្រចលទ្ធផលបាន ៣៨,១៧%។
ខេត្តកំពត៖
-(វត្តប្រាងសុវណ្ណ-វត្តចំប៉ី) ប្រវែងសរុប ៨,៥៤ គ.ម ក្នុងនោះក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែង ៧,៤ គ.ម និងក្រាលបេតុងប្រវែង ១,១២ គ.ម តភ្ជាប់ពីភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ទៅដល់ភូមិស្រែកាន់ខាងលិច ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស ដោយសម្រេចលទ្ធផលបាន ៤២,១២%។
-(ដំបូកខ្ពស់-NR.31) ប្រវែងសរុប ១៦,៥២ គ.ម ក្នុងនោះក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែង ១៥,៥ គ.ម និងក្រាលបេតុង ប្រវែង ០,៩៨ គ.ម តភ្ជាប់ពីភូមិចាក់ជ្រុំ ឃុំដំបូកខ្ពស់ ទៅដល់ភូមិស្មោង ឃុំដានគោម ស្រុកអង្គជ័យ ដោយសម្រេចលទ្ធផលបាន ៥៩,៦៩%។ ក្រុមការងារក៏បានចុះពិនិត្យកន្លែងប្រមូលទិញមាន់១កន្លែង នៅឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ដោយសម្រចលទ្ធផលបាន ១០០% និងបានជួបសហគមន៍ដើម្បីសំណេះសំណាលឈ្វេងយល់ពីសមទ្ធិផលនានា និងចែលរំលែកបទពិសោធន៍នៃការអនុវត្តកន្លងមក។
ជាមួយគ្នានេះដែរ ឯកឧត្តមនាយកគម្រោង បានធ្វើការណែនាំទៅដល់ក្រុមហ៊ុនទទួលការសាងសង់ត្រូវយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបច្ចេកទេសឱ្យបានត្រឹមត្រូវ ជាពិសេសត្រូវពិនិត្យមើលលើបញ្ហាពាក់ព័ន្ធនឹងសុវត្ថិភាព បរិស្ថាន និងសង្គម ដើម្បីធានាថាអត្តប្រយោជន៍នៃការប្រើប្រាស់ផ្លូវជនបទពិតជាបានទៅដល់ប្រជាជនទាំងអស់ ៕