ភ្នំពេញ៖ នៅទីស្តីការក្រសួងសុខាភិបាល នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបលោកស្រី Charity Tusiime Head Program Audit Anglophone ប្រធានកម្មវិធីសវនកម្ម មកពីការិយាល័យកណ្តាល Gavi ហ្សឺណែវ និងក្រុមការងារ ក្នុងគោលបំណង ដើម្បីរាយការណ៍ពីលទ្ធផលរបស់ សវនកម្ម គម្រោងដែលទទួលបានជំនួយពីអង្គការ។
លោកស្រីប្រធានកម្មវិធី បានថ្លែងអំណរគុណ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងក្រុមការងារសុខាភិបាលកម្ពុជា ដោយបានជម្រាបជូនអំពី កិច្ចការសវនកម្មគម្រោងរាល់ ៥ឆ្នាំម្តង សម្រាប់ប្រទេសដែលបានទទួលជំនួយពី Gavi។
លោកស្រីប្រធានកម្មវិធី បានលើកពីកម្ពុជាដែលជាប្រទេសគំរូលើការអនុវត្តន៏បានល្អប្រសើរដោយបានចូលរួមជាមួយ Gavi លើតម្លាភាព និងគណនេយ្យភាព កំឡុងសវនកម្មនេះ ដែលគ្របដណ្តប់ដោយគម្រោង ពីឆ្នាំ២០២០និងបាន ដល់ ឆ្នាំ២០២៤ នៅរាជធានី-ខេត្ត មួយចំនួន។ ជាលទ្ធផល នៃសវនកម្ម បង្ហាញថា កម្ពុជាបានផ្តល់ថ្នាំបង្ការជំងឺកញ្ជ្រិល បានល្អ និងការគ្រប់គ្រងវ៉ាក់សាំងបានល្អផងដែរ។ ទន្ទឹមនឹងនេះ ក៏នៅមានកិច្ចការមួយចំនួនដែលអាចត្រូវខិតខំបន្ថែមទៀតដូចជា កសាងធនធានមនុស្សបន្ថែម ការកែសម្រួលយុទ្ធសាស្ត្រជាតិចាក់ថ្នាំបង្ការឱ្យស្របតាមផែនការយុទ្ធសាស្ត្រសាកលរបស់ Gavi 6.0 (2026-30) ជាដើម។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការ Gavi អំពីរបាយការណ៍លទ្ធផល នៃសវនកម្មដែលមានទាំងលទ្ធផលល្អៗជាច្រើនដែលសុខាភិបាលសម្រេចបានល្អច្រើនឆ្នាំមកនេះ និងរួមទាំងចំណុចដែលត្រូវខិតខំបន្ថែមទៀត។ របកគំហើញទាំងនេះ គឺជាធាតុចូលយ៉ាងសំខាន់ សម្រាប់ពង្រឹងកម្មវិធីជាតិចាក់ថ្នាំបង្ការ និងរៀបចំកែសម្រួលយុទ្ធសាស្ត្រជាតិចាក់ថ្នាំបង្ការឱ្យស្របតាមផែនការយុទ្ធសាស្ត្រសាកលរបស់ Gavi 6.0 (2026-30) នាពេលខាងមុខនេះ ៕















