ភ្នំពេញ៖ ដោយមានការណែនាំ និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃសុក្រ ៦រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត លោក លោកស្រី ស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុក ទាំង៨។
ស្ថិតក្នុងបរិយាកាសដ៏ស្និទស្នាលនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ និងបាននាំយកនូវថវិកាចំនួន ១០លានរៀល អង្ករ ១តោន មី ២០កេស ត្រីខ ២០កេស និងទឹកបរិសុទ្ធ ២០កេស ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងផងដែរ ៕