ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យមើលស្ថានីយតាមដានទឹកក្រោមដី និងស្ថានីយឧតុនិយម ក្នុងភូមិសាស្ដ្រខេត្តស្វាយរៀង ដោយមានកិច្ចសហការពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង។
ឯកឧត្ដមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ទឹកក្រោមដី គឺជាធនធានមួយមានសារសំខាន់ខ្លាំងណាស់ក្នុងបរិបទការប្រែប្រួលអាកាសធាតុ ដែលក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងបន្តយកចិត្តទុកដាក់ក្នុងការតាមដាន សិក្សាស្រាវជ្រាវ និងរៀបចំផែនការសកម្មភាពជាក់លាក់សម្រាប់ជំរុញការអភិវឌ្ឍលើការគ្រប់គ្រងធនធានទឹកក្រោមដីប្រកបដោយនិរន្តរភាព និងបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ នាពេលអនាគត។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានណែនាំឱ្យមន្រ្តីបច្ចេកទេសពាក់ព័ន្ធទាំងអស់ក្នុងមន្ទីរ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង និងតាមដានទឹកក្រោមដីឱ្យបានច្បាស់លាស់ ដើម្បីបម្រើឱ្យពហុវិស័យ ជាពិសេសវិស័យកសិកម្ម ការស្រោចស្រពលើដំណាំស្រូវនៅរដូវប្រាំង និងចុងរដូវវស្សា វិស័យទឹកស្អាតផ្តល់ជាប្រភពទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ និងការអភិវឌ្ឍវិស័យឧស្សាហកម្ម ក៏ដូចជាការគាំពារបរិស្ថានទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ីផងដែរ ៕