ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៣រោច ខែស្រាពណ៍ ឆ្នាំម្ស៉ាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងប្រតិភូអមដំណើរ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។
បន្ទាប់ពី លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តមណ្ឌលគិរី ឡើងអានរបាយការណ៍ស្វាគមន៍ ស្តីពីលក្ខណៈភូមិសាស្រ្ត និងការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី ជូនគណៈអធិបតី និងអង្គពិធីរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍នាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងការសួរសុខទុក្ខពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងបានថ្លែងការកោតសរសើរដល់ លោកឧត្តមសេនីយ៍ទោស្នងការ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃស្នងការនគរបាលខេត្តរតនគិរី ទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តរតនគិរី បានល្អប្រសើរ ទាំងអស់នេះឆ្លុះបញ្ចាំងឲ្យឃើញអំពីការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីគណៈបញ្ជាការឯកភាពខេត្ត និងថ្នាក់ដឹកនាំព្រមទាំងកងកម្លាំងនគរបាលទាំងអស់ ក្និងកិច្ចខិតខំប្រឹងប្រែងការពារ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អប្រសើរ។
បន្ថែមពីលើនេះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ ក៏បានលើកឡើងនូវសភាពការណ៍ថ្មីៗរវាងកម្ពុជា-ថៃ ដែលបានធ្វើសកម្មភាពឈ្លានពានមកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ស្ថិតក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ បានដាក់ចេញនូវអនុសាសន៍ណែនាំសំខាន់មួយចំនួនរួមមាន៖ លើកកម្ពស់ស្មារតីសាមគ្គីភាព គោរពវិន័យរបស់កម្លាំងនគរបាលជាតិ និងមានមនសិការ និងវិជ្ជាជីវៈ អ្នកមានស្នាដៃត្រូវមានការលើកទឹកចិត្តតែងតាំង និងជូនរង្វាន់ អ្នកធ្វើខុសវិន័យត្រូវព្រមាន និងដាក់វិន័យ, ត្រូវបង្កើន និងយកចិត្តទុកដាក់បង្ការ បង្រ្កាបបទល្មើសគ្រប់ប្រភេទ, ត្រូវប្តេជ្ញាការពារយ៉ាងមុះមុតនូវបូរណភាពទឹកដីអធិបតេយ្យភាពជាតិ និងការពាររាជរដ្ឋាភិបាលស្របច្បាប់, ត្រូវបង្កើននូវការយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន, ត្រូវប្រមូលផ្តុំកងកម្លាំង ដើម្បីទ្រទ្រង់សភាពការណ៍ដែលបានកើតឡើងនៅតាមខ្សែបន្ទាត់ព្រំដែន, ត្រូវធ្វើការត្រួតពិនិត្យ និងយកចិត្តទុកដាក់ប្រជាពលរដ្ឋដែលបានវិលចូលមកពីប្រទេសថៃ ចូលកម្ពុជា, ត្រូវត្រួតពិនិត្យឲ្យបានច្បាស់លាស់នៅការឆ្លងដែនរបស់ជនបរទេស, ត្រូវបង្កើន និងយកចិត្តទុកដាក់អនុវត្តនៅគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព, ត្រូវមានការសាមគ្គីភាពគ្នាឱ្យបានល្អបំផុត, គ្រប់គ្រងព័ត៌មាន គឺសំដៅលើការត្រួតពិនិត្យ និងចេះវាយតម្លៃចំពោះប្រភពព័ត៌មានដែលមានប្រភពផ្លូវការច្បាស់លាស់។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ស ស៊ីណា ស ថេត ប្រគល់ជូនដល់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី រួមមាន៖ ថវិកា ៤លានរៀល, មី ១០០កេស, ត្រីខ ១០០កេស, ទឹកសុទ្ធ ១០០កេស និងអង្ករ ១៥តោន។
មុននិងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ បានធ្វើការជូនពរថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលទាំងអស់ ព្រមទាំងក្រុមគ្រួសារសូមជួបតែពុទ្ឋពរទាំងប្រាំប្រការគឺ អាយុ វណ្ណ: សុខៈ ពលះ កុំបីឃ្លៀងឃ្លាតឡើយ ៕