ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៣ រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣.៦១៤នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្ញើរការសួរសុខទុក្ខដល់មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៅតាមបណ្តាខេត្តជាប់ព្រំដែន និងខេត្តជិតខាងទាំងអស់ ដែលបានលះបង់កំលាំងកាយចិត្ត បម្រើសេវាថែទាំសុខភាពជូនដល់វីរៈកងទ័ព និងប្រជាជនដែលមកស្នាក់នៅតាមមណ្ឌលសុវត្ថិភាព។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៍បានជំរុញឱ្យមន្រ្តីសុខាភិបាលទូទាំងប្រទេស រក្សាឲ្យបាននូវវីរៈភាពរបស់មន្រ្តីសុខាភិបាល ដោយបន្តត្រៀមខ្លួនក្នុងការបម្រើសេវាថែរទាំ និងព្យាបាល ជាពិសេសការប្រឹក្សាផ្លូវចិត្ត ជូនដល់កងទ័ពដែលវិលត្រឡប់មកស្រុកកំណើត ក្រុមគ្រួសារទ័ព និងប្រជាជនទាំងអស់ប្រកបដោយគុណភាព និងការយល់ចិត្ត។
ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានលើកឡើងនូវគុណសម្បត្តិចំនួន២ បន្ថែមលើគុណសម្បត្តិទាំង៥ របស់អ្នកដឹកនាំដែលបានចែករំលែកកាលពីវគ្គមុន។ គុណសម្បតិ្តទាំងពីរនោះរួមមាន៖ ១). អ្នកដឹកនាំត្រូវហ៊ានចាប់កាន់ធ្វើអ្វីមួយដែលមានលក្ខណៈប្លែកពីគេ ប៉ុន្តែអាចនឹងចេញជាលទ្ធផលវិជ្ជមាន និង ២). អ្នកដឹកនាំត្រូវបង្ហាញភាពក្លាហាន នៅគ្រប់ទិដ្ឋភាពដោយហ៊ាននិយាយការពិតក្នុងន័យស្ថាបនា ឱ្យកាន់តែប្រសើរឡើង។ នៅក្នុងន័យនេះឯកឧត្តមសាស្រ្តាចារ្យ បានលើកយកឧទាហរណ៍មួយ នៃជោគជ័យរបស់ថ្នាក់ដឹកនាំកំពូល នៃរាជរដ្ឋាភិបាលកម្ពុជាដែលបានប្រើប្រាស់ភាពក្លាហាន ក្នុងការដឹកនាំបំបែកបញ្ហាខ្លាចជំងឺកូវីដ១៩ នៅលើនាវា Westerdam នៅពេលដែលប្រទេសផ្សេងៗទៀតមិនហ៊ានអន្តរាគមន៍ រហូតប្រទេសកម្ពុជាទទួលបានកិត្តិយស ជាប្រទេសតូចដែលមានបេះដូងធំ។
ជាចុងបញ្ចប់ ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ ក៏មានបទបង្ហាញពីមន្ទីរពេទ្យបង្អែកនៃខេត្តស្ទឹងត្រែង ៕