ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិម (CMG) ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីសម្តែងសិល្បៈរួមគ្នា កម្ពុជា-ចិន ក្រោមប្រធានបទ “ស្លាបនៃសន្តិភាព” រួមចិត្ត រួមដៃ វាសនារួម ដើម្បីអបអរសាទរខួបលើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិពីស្ថាប័នរដ្ឋ និងឯកជន ព្រះតេជគុណ Yan Shu ប្រធានមជ្ឈមណ្ឌលវប្បធម៌កម្ពុជាសៅលីង, ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសសូ នាយកសាលារបាំបុប្ផាទេវី, លោក Lin Shi Qiang ប្រធានសមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជា, លោក Feng Hui ប្រធានគ្រប់គ្រងនៃវិទ្យុមិត្តភាពកម្ពុជាចិន និងជាតំណាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG), លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកបណ្តាញព័ត៌មាន Fresh News ឯកឧត្តម-លោកជំទាវថ្នាក់ដឹកនាំ និងតំណាងស្ថាប័នសាធារណៈ, អ្នកសារព័ត៌មាន ព្រមទាំងពាណិជ្ជករ ប្រជាពលរដ្ឋកម្ពុជានិងចិនសរុបជាង៣៥០នាក់ នៅអគារ Morgan កោះពេជ្រ។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងឱកាសដ៏វិសេសវិសាលនៃខួបលើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការកម្ពុជា-ចិន កម្ពុជា-ចិន ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមកម្មវិធីដ៏មានសារៈសំខាន់ និងប្រកបដោយអត្ថន័យជ្រាលជ្រៅរៀបចំដោយ CMG «ការសម្តែងសិល្បៈរួមគ្នា កម្ពុជា-ចិន» ក្រោមប្រធានបទ «ស្លាបនៃសន្តិភាព» ពិតជាបានបង្កប់នូវប្រវតិ្តសាស្រ្តដ៏យូរលង់រវាងប្រទេសទាំងពីរ ដែលប្រសព្វគ្នានៅក្នុងវេលាដ៏ល្អមួយនេះ ព្រមទាំងបានពិពណ៌នាអំពីប្រធានបទតែមួយ ដែលជាមរតកដ៏មហិមា គឺតម្លៃនៃសន្តិភាព និងកម្លាំងនៃមិត្តភាពដែកថែប។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា ធ្លាប់បានឆ្លងកាត់ការឈឺចាប់ពីសង្គ្រាមជាច្រើនទសវត្សរ៍ និងជម្លោះព្រំដែនជាមួយប្រទេសថៃនាពេលថ្មីៗនេះ ពិតជាអាចឆ្លុះបញ្ចាំងដល់ពិភពលោកថា ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ស្រឡាញ់ និងឱ្យតម្លៃសន្តិភាពខ្លំាងណាស់ ហើយពិតជាស្រឡាញ់ឱកាសអភិវឌ្ឍន៍ដែលនាំមកដោយសន្តិភាពយ៉ាងខ្លាំង។
ឯកឧត្តមរដ្ឋមន្រ្តី សូមយកឱកាសនេះសម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ស្ថានទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដែលបានចូលរួមចំណែកជំរុញការចរចា រហូតដល់មានកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ, ព្រមទាំងមិត្តភក្តិចិននៅកម្ពុជា បានរួមគ្នាជាមួយមហាគ្រួសារវិស័យទេសចរណ៍កម្ពុជា ជួយឧបត្ថម្ភជាថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគជូនដល់ប្រជាជនភៀសសឹកនៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ ផងដែរ។
ក្នុងនាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា សូមស្វាគមន៍មិត្តចិនទាំងអស់ដោយកក់ក្ដៅ និងស្មោះស្ម័គ្របំផុត និងរង់ចាំភ្ញៀវទេសចរចិន ដែលពោរពេញដោយក្តីស្រឡាញ់សន្តិភាព ប្រាថ្នាចង់បានមិត្តភាព និងចង់ស្វែងយល់ពីវប្បធម៌សម្បូរបែបកាន់តែច្រើន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា រាល់ដំណើរទស្សនកិច្ចរបស់មិត្តចិន គឺជាការបង្ហាញយ៉ាងរស់រវើកនៃមិត្តភាពកម្ពុជា-ចិន និងការជំរុញដ៏ខ្លាំងក្លាដល់ «ស្លាបសន្តិភាព»។
សុន្ទរកថាគ្រឹះរបស់ឯកឧត្ដម ឯក សំអុល ប្រធានសមាគម មិត្តភាពកម្ពុជា-ចិន បានបញ្ជាក់ពីឆ្នាំ២០២៥ ដែលជាខួបលើកទី៦៧ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ហើយទំនាក់ទំនងរវាង ប្រទេសទាំងពីរ មានភាពរឹងមាំ និងស្ថិតស្ថេរយូរអង្វែង មនោសញ្ចេតនារវាងប្រជាជនក៏មានភាពស៊ីជម្រៅ។ វប្បធម៌និង សិល្បៈ គឺជាស្ពានមួយដែលដែលអាចឆ្លងផុតព្រំដែន ការរៀបចំកម្មវិធីសម្ដែងសិល្បៈនេះ គឺដើម្បីផ្សព្វផ្សាយទស្សនៈសន្តិភាព និងបង្ហាញពីស្មារតីប្រឆាំងសង្គ្រាម ដែលនេះមិនត្រឹមតែជាការរំលឹកដល់ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាការបន្ត និងពង្រឹងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ ព្រមទាំងជាសេចក្តីប្រកាសដ៏ម៉ឹងម៉ាត់អំពីតម្លៃសន្តិភាពដែលប្រជាជននៃប្រទេសទាំងពីររួមគ្នាការពារផងដែរ ៕