ភ្នំពេញ៖ នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ពដែលរងរបួស និងជំងឺមកពីសមរភូមិជួរមុខនៃការឈ្លានពាន និងជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅមន្ទីរពេទ្យយោធភូមិភាគទី៤ ខេត្តសៀមរាប។
ក្នុងឱកាសនោះ លោកជំទាវ ដាំ ដារីនី បានពាំនាំផ្ដាំផ្ញើការសួរសុខទុក្ខ និងរលឹកបំផុតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាមួយនឹងការថ្លែងអំណរគុណចំពោះវីរភាព និងឆន្ទៈដ៏មោះមុត ក្នុងការការពារ បូរណភាពទឹកដី និងដែនអធិបតេយ្យភាពពីសត្រូវឈ្លានពាន។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ដាំ ដារីនី ក៏បាននាំយកសម្ភារៈ និងថវិកាចែកជូនដល់យោធារបួស ម្នាក់ៗទទួលបាន៖ ឃីត ១កញ្ចប់, ត្រីខ, សាច់គោងៀត, ថវិកាម្នាក់ ៥មុឺនរៀល និងបានឧបត្ថម្ភជូនមន្ទីពេទ្យដែលមានលោកគ្រូ អ្នកគ្រូប្រចាំការថវិកាចំនួន ២លានរៀល។
តាមរយៈ លោកជំទាវ ដាំ ដារីនី, ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏សូមជូនពរកងទ័ពដែលមានជំងឺ និងរបួសទាំងអស់សូមមានសុខភាពល្អ និងឆាប់ជាសះស្បេីយ ៕



















