កំពង់ស្ពឺ៖លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ម្សិលមិញនេះ បានអញ្ជើញដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែសីហា និងលើកទិសដៅខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។
កិច្ចប្រជុំនេះផងដែរ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងឯកឧត្តម លោកជំទាវ អនុប្រធានការងារគណបក្សចុះមូលដ្ឋានខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រីហើយ ប្រារព្ធធ្វើនៅសាលប្រជុំធំនៃមន្ទីរគណបក្សខេត្តកំពង់ស្ពឺ។
ថ្លែងក្នុងកិច្ចចាប់ផ្តើមនៃអង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ ក្រុមការងារ អាជ្ងាធរ ភាគីពាក់ព័ន្ធ ដែលបានចូលរួមក្នុងចលនាប្រមូលផ្តុំនូវសម្ភារៈ បរិក្ខារ និងថវិកា ឧបត្ថម្ភជូនកងទ័ពនៅសមរភូមិជួរមុខ និងបងប្អូនជនភៀសសឹក និងបានកោតសរសើរដល់ស្មារតីរួបរួមរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ ក៏ដូចជាទូទាំងប្រទេស ដែលបានបង្ហាញនូវស្មារតីជាតិនិយម ការគាំទ្រ និងរួមមតិគ្នាយ៉ាងផុសផុល ជូនចំពោះរាជរដ្ឋាភិបាល និងកងកម្លាំងរបស់យើងដែលកំពុងឈរជើងនៅតាមបណ្ដោយព្រំដែន ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។









