ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ត្រួតពិនិត្យ ពិភាក្សាពីវឌ្ឍនភាពនៃលទ្ធផលការងារ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ទីរអង្គភាព ជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធនានាជាច្រើនរូប។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ជាម ច័ន្ទសោភ័ណ បានជំរុញដល់គណៈអភិបាលខេត្ត អាជ្ញាធរគ្រប់ក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់លើការងារផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលនានាជូនប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសត្រូវដោះស្រាយឱ្យបាននូវរាល់បញ្ហាប្រឈមនានា រួមមាន ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គម ការងារអភិវឌ្ឍន៍មូលដ្ឋាន ការងារដោះស្រាយឆ្លើយតបបញ្ហាកង្វល់ បញ្ហាខ្វះខាត និងសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ៕










