ក្រសួងឧស្សាហកម្ម និងខេត្តលៀវនីង ពង្រឹងកិច្ចសហការលើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឧស្សាហកម្ម
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រសួងឧស្សាហកម្ម និងខេត្តលៀវនីង ពង្រឹងកិច្ចសហការលើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឧស្សាហកម្ម


ភ្នំពេញ៖
នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូខេត្តលៀវនីង នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Lang Yansong នាយកក្រុមហ៊ុនអភិវឌ្ឍន៍ឧស្សាហកម្ម Lianjia ជាក្រុមហ៊ុនរដ្ឋ ដើម្បីពិភាក្សាការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឧស្សាហកម្មរបស់កម្ពុជា និងការផ្ទេរបច្ចេកវិទ្យា។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានកោតសរសើរក្រុមហ៊ុនអភិវឌ្ឍន៍ឧស្សាហកម្ម Lianjia នៃខេត្តលីវនីង ចំពោះការគាំទ្រផ្នែកបច្ចេកទេសក្នុងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឧស្សាហកម្មសម្រាប់កម្ពុជា ដោយគម្រោងនេះនឹងដើរតួនាទីសំខាន់ក្នុងការកែលម្អការគ្រប់គ្រងឧស្សាហកម្ម និងគាំទ្រការរៀបចំគោលនយោបាយដែលផ្អែកលើទិន្នន័យ។

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើភាពជាម្ចាស់របស់កម្ពុជាលើប្រព័ន្ធបច្ចេកវិទ្យានេះ ដើម្បីធានាបាននូវនិរន្តរភាពបន្ទាប់ពីការបញ្ចប់គម្រោង ព្រមទាំងសុច្ចរិតភាពទិន្នន័យក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល។ 

ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្ថែម​ថា​៖ “​គោល​ដៅរបស់យើង​គឺ​អភិវឌ្ឍ​​ប្រព័ន្ធបច្ចេកវិទ្យា​​ដើម្បី​លើកកម្ពស់ប្រសិទ្ធភាពការងារ ​តែមិនបន្ថែម​បន្ទុកដល់សហគ្រាសឧស្សាហកម្មទេ ហើយប្រព័ន្ធនេះត្រូវផ្តល់ប្រយោជន៍​ដល់រាជ​រដ្ឋាភិបាល អ្នក​វិនិយោគ និង​ក្រសួង​-ស្ថាប័ន​ពាក់ព័ន្ធ​”។

លោក Lang Yansong បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ខេត្តលៀវនីង ក្នុងការគាំទ្រកម្ពុជា មិនត្រឹមតែលើការអភិវឌ្ឍប្រព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែនឹងផ្តល់ការបណ្តុះបណ្តាលដល់ក្រុមការងារបច្ចេកទេសក្នុងស្រុក ដើម្បីគ្រប់គ្រងប្រព័ន្ធផងដែរ។ លោកបានបន្ថែមថា ដោយមានការគាំទ្រពីដៃគូដូចជា China Mobile ការអភិវឌ្ឍ​ប្រព័ន្ធនេះ នៅដំណាក់កាលបន្តបន្ទាប់ នឹងរួមបញ្ចូលទិន្នន័យកាន់តែសម្បូរបែប។

ភាគីទាំងពីរក៏បានពិភាក្សាឱកាសសហការលើការផ្ទេរបច្ចេកវិទ្យាកាន់តែទូលំទូលាយ ជាពិសេសផ្នែកស្វ័យប្រវត្តិកម្ម និងគ្រឿងម៉ាស៊ីនទំនើបៗ សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវជាមួយសាកលវិទ្យាល័យក្នុងស្រុក។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានជម្រាបជូនគណៈប្រតិភូអំពីអាទិភាពរបស់កម្ពុជា ក្នុងការជំរុញការផ្ទេរបច្ចេកវិទ្យា ពិសេសសម្រាប់វិស័យកែច្នៃអាហារ និងកសិឧស្សាហកម្ម។ 

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្វាគមន៍គម្រោងវិនិយោគរបស់ក្រុមហ៊ុនលើការកែច្នៃអាហារ ដោយលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធគុណភាព ដូចជាសេវារបស់មន្ទីរពិសោធន៍ជាតិដែលទទួលស្គាល់ដោយស្ថាប័ន ISO ជាដើម ៕











Previous Post Next Post