ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញធ្វើដំណើរទស្សនកិច្ចនៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សាខាចោមចៅ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង នៃប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងគោលបំណងដើម្បីសិក្សាឈ្វេងយល់ពីវឌ្ឍនភាព និងសក្តានុពលនៃកម្មវិធីអប់រំកម្រិតស្តង់ដាអន្តរជាតិរបស់សាកលវិទ្យាល័យ និងការទស្សនាបរិវេណសាកលវិទ្យាល័យ បន្ទប់រៀន បន្ទប់សិក្សាពីចំងាយ មជ្ឈមណ្ឌលការងារ បណ្ណាល័យ ក៏ដូចជាបន្ទប់ស្នាក់នៅរបស់និស្សិតប្រកបដោយសុខុមាលភាព និងផាសុកភាព។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាស៍ថា នេះពិតជាស័ក្តិសមជាសាកលវិទ្យាល័យឯកជនដ៏ធំមួយនៅប្រទេសកម្ពុជា អមដោយបរិវេណធំទូលាយ ទេសភាពស្រស់បំព្រង បរិយាកាសសិក្សាល្អប្រកបដោយទំនើបកម្ម សម្ភារៈសិក្សាសម្បូរបែប ព្រមទាំងមានឧបករណ៍ និងសម្ភារៈពិសោធគ្រប់គ្រាន់ឆ្លើយតបទៅនឹងតម្រូវការរបស់គ្រូ និងនិស្សិត ៕