ភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរទស្សនៈយុទ្ធសាស្រ្តស៊ីជម្រៅស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី និងការជំរុញការធ្វើដំណើរទេសចរណ៍របស់ប្រជាជននៃប្រទេសទំាងពីរ ការវិនិយោគលើវិស័យទេសចរណ៍ ការផ្សព្វផ្សាយពីយុទ្ធនាការ Cambodia Muslim Friendly និងទស្សនាកម្ពុជានារដូវកាលបៃតង (Green Season) ឱ្យបានកាន់តែទូលំទូលាយ។
ក្នុងឱកាសនៃជំនួបដ៍មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ ប្រទេសទាំងពីរ មានទស្សនៈរួមគ្នាលើសារៈសំខាន់នៃវិស័យទេសចរណ៍ក្នុងសេដ្ឋកិច្ចជាតិ និងការភា្ជប់ទំនាក់ទំនងប្រជាជន និងប្រជាជន ដោយហេតុថាប្រទេសទាំងពីរ សុទ្ធតែជាប្រទេសដែលមានប្រវតិ្តសាស្រ្ត វប្បធម៌ អរិយធម៌ និងសាសនាដ៏យូរលង់ ប្រពៃណីទំនៀមទំលាប់ដ៏សំបូរបែប និងចំណាស់ការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនម្ចាស់ស្រុក កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សក្តានុពលទេសចរណ៍វប្បធម៌ បេតិកភណ្ឌ អេកូទេសចរណ៍ និងធម្មជាតិជាច្រើន ភាពសុខដុមសាសនា ពិសេសគឺសុទ្ធតែជាប្រទេសដែលមានបេតិភណ្ឌពិភពលោក និងបូជនីយដ្ឋានសាសនាសំខាន់ៗ ដូចគ្នា ដោយប្រទេសកម្ពុជា ត្រូវបានស្គាល់តាមរយៈប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និងប្រាសាទបាយ័ន ហើយប្រទេសអារ៉ាប៊ីសាអូឌីត តាមរយៈបេតិកភណ្ឌដែលបានចុះបញ្ជីដោយអង្គការ UNESCO និងបូជនីយដ្ឋានសាសនាដូចជាវិហារ Masjid al-Haram នៅទីក្រុងពិសិដ្ឋ Mecca ជាទីដែលមាន Kaaba និងវិហារ Masjid an-Nabawi នៅទីក្រុង Medina ៕