ភ្នំពេញ៖ ថ្លែងក្នុងពិធីជួបសំណេះសំណាល និងសាកសួរសុខទុក្ខគ្រួសារកងទ័ពជួរមុខ ដែលមានទីលំនៅក្នុងស្រុកឈូក ចំនួន ៥១គ្រួសារ នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ដើម្បីផ្តល់ភាពកក់ក្តៅ ផ្តល់កម្លាំងចិត្ត និងតបស្នងសងគុណដល់វីរៈភាពដ៏អង់អាចក្លាហានរបស់វីរៈកងទ័ព ដែលបានចាកចេញពីក្រុមគ្រួសារដើម្បីទៅបំរើជាតិមាតុភូមិ ការពារទឹកដី និងប្រជាជន ដែលតម្លៃនៃការលះបងលនេះគឺមិនអាចកាត់បានឡើយ ដូច្នេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំង៩ ក្រុង-ស្រុក ត្រូវតែយកចិត្តទុកដាក់អោយបានខ្ពស់បំផុតក្នុងការថែរក្សាក្រុមគ្រួសារវីរៈកងទ័ពយើងនៅក្នុងមូលដ្ឋានខ្លួន ដោយមិនត្រូទុកពួកគាត់ចោលដោយមិនមានអ្នកមើលថែនោះឡើយ។
ឯកឧត្ដមបណ្ឌិត អភិបាលខេត្ត បានបន្តថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឺទ្ធសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចទាំងទ្វេរតែងតែគិតគូជានិច្ចចំពោះការថែរក្សាសុខសន្តិភាពជូនជាតិមាតុភូមិ និងប្រជាជន ហើយសម្តេចតែងតែរួមសុខរួមទុក្ខ ខាំស្មៅរស់នៅជាមួយប្រជាជនកម្ពុជាទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏សម្តេចមិនបោះបង់ជាតិ និងពលរដ្ឋខ្លួនចោលឡើយ។ ជាក់ស្តែងក្នុងពេលដែលកើតមានសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសថៃ សម្តេចទាំងទ្វេរ រួមនឹងថ្នាក់ដឹកនាំជាតិជាច្រើនរូបបានរួមគ្នារិះរកគ្រប់មធ្យោយបាយដើម្បីបញ្ចប់សង្គ្រាមឈ្លានពាននេះ ដែលថ្នាក់ដឹកនាំប្រទេស និងប្រជាជនមិនដែលចង់បាននោះឡើយ ហើយអ្វីដែលចង់បាននោះគឺសុខសន្តិភាព។
ក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានសំដែងនូវការថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ដែលបានរួមចំណែកក្នុងការបវិច្ចាគនូវថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈជាច្រើនតាមរយៈរដ្ឋបាលក្រុង-ស្រក ដើម្បីយកទៅជូនដល់វីរៈកងទ័ពនៅសមរភូមិមុខ ក៏ដូចជាគ្រួសារវីរៈកងទ័ពនៅសមរភូមិក្រោយ ដែលនេះបានបង្ហាញឱ្យឃើញពីការសាមគ្គីភាពរបស់ប្រជាជនកម្ពុជា និងចរិកជាតិនិយមពិតប្រាកដ។
ឯកឧត្ដមបណ្ឌិត អភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ដែរថា ការចាកចេញពីក្រុមគ្រួសាររបស់វីរៈកងទ័ពរបស់យើងទៅការពារជាតិ គឹជាការលះបង់ដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបាន ដែលប្រជាជនគ្រប់រូមត្រូវចងចាំ ព្រោះប្រជាជននៃប្រទេសមួយបើគ្មានជាតិ គ្មានទឹកដីនោះទេក៏មិនអាចរស់បានដោយសុខសុភមង្គលបានដែរ ៕








