រដ្ឋសភា បញ្ចប់ការពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋសភា បញ្ចប់ការពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព


ភ្នំពេញ៖
ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងឯកឧត្តម លន់ លឹមថៃ លេខាធិការ គណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧត្តុនិយម នៃរដ្ឋសភា តំណាងឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការ ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណ:កម្មការជំនាញនានារបស់រដ្ឋសភា នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានចូលរួមពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ជាមួយតំណាងរាជរដ្ឋាភិបាល ដែលដឹកនាំដោយឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងសហការី នៅវិមានរដ្ឋសភា។

ឯកឧត្តម អ៊ាង សុផល្លែត បានមានប្រសាសន៍ជម្រាបជូនថា ផ្អែកលើមូលដ្ឋានដ៏រឹងមាំនៃគោលនយោបាយ និងយុទ្ធសាស្ត្រជាតិដែលនៅជាធរមាន និងការចង្អុលបង្ហាញដោយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាលដែលមានក្រសួងបរិស្ថានជាសេនាធិការ បានរៀបចំនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិសនិងចង្អុលបង្ហាញការងារជាអាទិភាព ក្នុងការធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចឱ្យបាននូវគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណ គឺជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលបាន និងកំពុងពង្រឹង និងពង្រីកទំនាក់ទំនងអន្តរជាតិសំដៅលើកកម្ពស់កិត្តិយសជាតិលើឆាកអន្តរជាតិ និងកៀរគរធនធានក្រៅប្រទេសយកមកប្រើឱ្យជាប្រយោជន៍ជាតិ។ 

មួយវិញទៀត ការដែលព្រះរាជាណាចក្រកម្ពុជា ក្រោយពីចូលជារដ្ឋភាគី ក្នុងកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រមានកាតព្វកិច្ចសំខាន់ៗ ដូចខាងក្រោម៖

-បង់វិភាគទានក្នុងនាមជារដ្ឋភាគី ដែលនឹងត្រូវសម្រេចដោយសន្និសីទកំពូលនៃរដ្ឋភាគីលើកទី១។ ប៉ុន្តែដោយព្រះរាជាណាចក្រកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ ការបង់វិភាគទាននឹងមានទំហំតូចបើប្រៀបធៀបទៅនឹងប្រទេសអភិវឌ្ឍ ដែលមានកាតព្វកិច្ចត្រូវបង់វិភាគទានទំហំធំ។

-ចូលរួមយ៉ាងសកម្មក្នុងការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិដោយមានការប្តេជ្ញាចិត្តចំពោះការអនុវត្តសកម្មភាពអភិរក្សជីវៈចម្រុះថ្នាក់ជាតិ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌច្បាប់ជាមួយស្ថាប័នពាក់ព័ន្ធថ្នាក់សកល តំបន់ អនុតំបន់ និងតាមវិស័យ ។

សេចក្តីព្រាងច្បាប់នេះ មានអត្ថប្រយោជន៍លើកកម្ពស់កិត្តិយសជាតិលើឆាកអន្តរជាតិ តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការស្មើមុខស្មើមាត់ក្នុងការចូលរួមគ្រប់គ្រងការអភិរក្សធនធានសមុទ្រ និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិសម្រាប់បច្ចុប្បន្ន និងអនាគត រួមទាំងការបែងចែកផលប្រយោជន៍ពីធនធានពន្ធសមុទ្រ និងព័ត៌មានឌីជីថលតំណលំដាប់ពន្ធុ ដែលបានរកឃើញ និងមាននៅក្នុងតំបន់ក្រៅដែនយុត្តាធិការជាតិសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ និងអត្ថប្រយោជន៍សេដ្ឋកិច្ច ការការពារ និងការអភិរក្សបរិស្ថានសមុទ្រក្នុងក្របខ័ណ្ឌនៃអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលក្នុងការគ្រប់គ្រងតំបន់ក្រៅដែនយុត្តាធិការជាតិ នៅក្នុងតំបន់ការពារធម្មជាតិសមុទ្រ រួមជាមួយភាគីពាក់ព័ន្ធនានាមកពីក្រុមអន្តរវិស័យថ្នាក់ជាតិ ថ្នាក់តំបន់ និងសកលផងដែរ។ 

នៅក្នុងការពិភាក្សាយ៉ាងលម្អិតជាមួយតំណាងរាជរដ្ឋាភិបាលនាពេលនេះ មានការសួរ បកស្រាយ ឆ្លើយបំភ្លឺលើបញ្ហាមួយចំនួន។ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានធ្វើនូវសេចក្តីព្រាងច្បាប់នេះឡើង ដើម្បីតម្កល់ផលប្រយោជន៍ជាតិជាធំ។ 

សេចក្តីព្រាងច្បាប់ខាងលើ ត្រូវបានគណៈកម្មការជំនាញនៃរដ្ឋសភា សម្រេចឯកភាពជាមួយតំណាងរាជរដ្ឋាភិបាល ហើយនឹងត្រូវធ្វើសេចក្តីរាយការណ៍ជូនសម្តេចប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីគោរពស្នើសុំដាក់បញ្ចូលសេចក្តីព្រាងច្បាប់នេះ ទៅក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភា នាពេលខាងមុខនេះ។

សូមជម្រាបថា គណៈកម្មាធិការអចិន្ត្រៃយ៍ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ បានប្រគល់នូវសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវ:ចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រឱ្យគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា ៕

















Previous Post Next Post