ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញពិនិត្យស្ថានភាពទូទៅ និងការអនុវត្តការងារ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី។
ទន្ទឹមគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារថ្មីរបស់មន្ទីរអភិវឌ្ឍន៍ជនបទដែលមានទំហំ ទទឹងប្រវែង ១២,៤ម៉ែត្រនិងបណ្ដោយ ៣០,២០ម៉ែត្រ និងចែកជា ១៤បន្ទប់ និងសាលប្រជុំមួយ និងសាងសង់លើផ្ទៃដីរួមសរុប ៨ ០០០ម៉ែត្រការ៉េ ជំនួសអគារចាស់ដែលទ្រុឌទ្រោម ដែលបច្ចុប្បន្នសម្រេចបានវឌ្ឍនភាព៣០%ហើយ។
ក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសសើរចំពោះការរៀបចំកន្លែងធ្វើការឱ្យមានរបៀបរៀបរយ ស័ក្តិសមជាកន្លែងបំរើសេវាជូនប្រជាពលរដ្ឋ និងការបំពេញភារៈកិច្ចយ៉ាងសកម្មរបស់មន្ត្រីបំរើការក្នុងមន្ទីទាំងអស់ផងដែរ។
បន្ទាប់មក ឯកឧត្ដមរដ្ឋមន្រ្ដី បានអញ្ជើញទៅពិនិត្យទីតាំងសម្រាប់រៀបចំប្រារព្ធពិធីប្រកាសខេត្តមណ្ឌលគិរី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនាថ្ងៃស្អែកនេះផងដែរ ៕