ក្រុមហ៊ុន Xingtai Shunhe Biotechnology Co., Ltd. របស់ចិន មានបំណងវិនិយោគនៅកម្ពុជាក្នុងវិស័យថាមពលស្អាត និងថាមពលកកើតទ្បើងវិញ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រុមហ៊ុន Xingtai Shunhe Biotechnology Co., Ltd. របស់ចិន មានបំណងវិនិយោគនៅកម្ពុជាក្នុងវិស័យថាមពលស្អាត និងថាមពលកកើតទ្បើងវិញ


ភ្នំពេញ៖ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃពុធ ១៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី លី ជៀ (Li Jie) ប្រធានក្រុមហ៊ុន Xingtai Shunhe Biotechnology Co., Ltd.។ 


ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលលោកស្រី លី ជៀ បានដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាក្នុងពេលវេលាមួយដ៏សមស្របបំផុត។ 


ឯកឧត្តមអគ្គលេខាធិការបានជម្រាបជូនគណៈប្រតិភូពីស្ថានភាពដ៏ល្អប្រសើរនៃវិនិយោគនៅកម្ពុជា ជាពិសេសរំហូរវិនិយោគចិនមកកម្ពុជាមានការកើនទ្បើងគួរជាទីកត់សម្គាល់ដោយប្រភពទុនវិនិយោគមកពីប្រទេសចិនបានឈរនៅលំដាប់លេខរៀងទីមួយ ឬទី២ជាបន្តបន្ទាប់ក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយនេះ។ 


ឯកឧត្តមអគ្គលេខាធិការបានបន្តទៀតថា ដោយសារទំហំវិនិយោគរបស់ចិនមកកម្ពុជាមានទំហំធំ ហើយការនាំចូលពីចិនក៏មានទំហំធំផងដែរនោះ រាល់ជំនួបជាមួយគណៈប្រតិភូចិន ឯកឧត្តមអគ្គលេខាធិការតែងតែស្នើដោយទទូចឱ្យមានការគិតគូរប្រើប្រាស់វត្ថុធាតុ ឬផលិតផលពាក់កណ្តាលសម្រេចក្នុងស្រុកជាធាតុចូលផលិតកម្មឱ្យបានច្រើនជាអតិបរមា ជាជាងការនាំចូល ដើម្បីចូលរួមបង្កើតតម្លៃបន្ថែមក្នុងស្រុក និងធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់។


លោកស្រី លី ជៀ បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមអគ្គលេខាធិការដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សាការងារ និងបានជម្រាបថាក្រុមហ៊ុន Xingtai Shunhe Biotechnology Co., Ltd. គឺជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់ថាមពល (ប្រេងឥន្ធនៈពីអេតាណុល) នៅប្រទេសចិន។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏មានស្ថានីយប្រេងឥន្ទនៈផ្ទាល់ខ្លួនចំនួន៧២ ផងដែរនៅប្រទេសចិន។ ក្រុមហ៊ុនមានបំណងវិនិយោគនៅកម្ពុជាក្នុងវិស័យថាមពលស្អាត និងថាមពលកកើតទ្បើងវិញ ជាពិសេសសំដៅលើកកម្ពស់សុវត្ថិភាពថាមពលក្នុងព្រះរាជាណាចក្រកម្ពុជា និងធានាកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ 


លោកស្រីប្រធានបានបញ្ជាក់បន្ថែមទៀតថា ផលិតផលប្រេងឥន្ធនៈពីអេតាណុលនេះអាចយកទៅប្រើប្រាស់សម្រាប់រថយន្ត ទូក កប៉ាល់ យន្តហោះ និងការចម្អិតអាហារ។ តាមរយៈជំនួបពិភាក្សាការងារនាពេលនេះ ក្រុមហ៊ុនកាន់តែមានឆន្ទៈខ្ពស់ក្នុងការវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលជាមួយប្រទេសកម្ពុជា ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យថាមពលនាពេលខាងមុខ។  


ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការបានបង្ហាញនូវការស្វាគមន៍ចំពោះគម្រោងដែលលោកស្រី លី ជៀបានលើកទ្បើង។ ឯកឧត្តមអគ្គលេខាធិការក៏បានជំរុញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកសម្រាប់បម្រើសកម្មភាពផលិតកម្មរបស់ក្រុមហ៊ុន ដែលក្នុងនោះមានដូចជា ដំឡូងមី អំពៅ និងពោត ៕










Previous Post Next Post