ភ្នំពេញ៖ នាល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ក្រុមហ៊ុន Tui Blue Angkor Grace ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតីថ្លែងសុន្ទុរកថាស្វាគមន៍ និងកាត់ខ្សែបូរសម្ពោធសណ្ឋាគារដ៏ប្រណិតកម្រិតពិភពលោក និងលំដាប់អភិជន Tui Blue Angkor Grace ស្ថិតនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយមានការចូលរួមពីឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរងខេតសៀមរាប លោក Artur Gerber នាយកប្រតិបត្តិក្រុមហ៊ុន Tui Blue Hotels & Resorts លោកស្រី Elain Younn ស្ថាបនិករីសត Angkor Grace ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិដែលអញ្ជើញមកពីអូស្រ្តាលី អាឡឺម៉ង់ ហុងកុង និងបណ្តាប្រទេសនានា ជាច្រើនរូប។
ថ្លែងក្នុងឱកាសសម្ពោធសណ្ឋាគារនេះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះការជំនឿទុកចិត្តដ៏មុតមាំលើរាជរដ្ឋាភិបាលកម្ពុជារបស់ ក្រុមហ៊ុនទេសចរណ៍ដ៏ធំរបស់អាល្លឺម៉ង់ និងលោកស្រីម្ចាស់រីសតដែលរួមគ្នាបណ្តាក់ទុនវិនិយោគបង្កើតជារីសតផ្នែកសុខមាលភាពដ៏ប្រណិត និងលំដាប់ពិភពលោកនៅក្នុងខេត្តសៀមរាប នៃប្រទេសកម្ពុជាដែលជាប្រទេសប្រកបដោយសក្តានុពលទេសចរណ៍ និងមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈល្អ ពិសេសគឺទទួលបាននូវការលើកទឹកចិត្តច្រើន និងការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា។ តាមរយៈការបង្កើតនូវរីសតដ៏ប្រណិត និងការផ្តល់ជូននូវសេវាកម្មសុខមាលភាពស្តង់ដារអន្តរជាតិ ពិតជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងការផ្តល់នូវការងារដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសជួលដល់ពលករខ្មែរដែលបានវិលត្រលប់មកពីប្រទសថៃវិញនាពេលនេះ។
ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់នេះ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពអាឡឺម៉ង់ប្រចាំកម្ពុជា បានអបអរសាទរ និងកោតសរសេរីពីកិច្ចសហការដ៏ល្អរវាងភាគីទាំងអស់ កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអាឡឺម៉ង់ ព្រមទាំងសក្តានុពលទេសចរណ៏កម្ពុជា គម្រោងអភិវឌ្ឍន៏ជាច្រើនរបស់អាឡឺម៉ង់ ដែលនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កាសម្រាប់ខេត្តសៀមរាប និងប្រជាជនកម្ពុជា នាថ្ងៃនេះ។
លោក Artur Gerber នាយកប្រតិបត្តិរបស់ក្រុមហ៊ុន TUI BLUE HOTELS & RESORTS បានថ្លែងអំណរដ៏ជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តី និងគណៈអធិបតីដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញផ្តល់កិត្តិយសក្នុងកម្មវិធីសម្ពោធ និងបានបញ្ជាក់ជូនថាការបើកដំណើរសណ្ឋាគារនេះ ជាគម្រោងវិនិយោគទី២ របស់ក្រុមហ៊ុននៅកម្ពុជា ហើយវត្តមានរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជានាពេលនេះ គឺផ្អែកលើសក្តានុពលទេសចរណ៍ដ៏ខ្លាំងក្លា និងបេតិកភណ្ឌវប្បធម៌ដ៏សំបូរបែបជាមួយនឹងកិច្ចសហការគាំទ្រដ៏ល្អពីក្រសួងទេសចរណ៏ និងគ្រប់ភាគីពាក់ព័ន្ធ។
ទន្ទឹមនឹងនេះដែរ លោកស្រី Elain Younn ស្ថាបនិករីសត Angkor Grace បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនដល់គណៈអធិបតី និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិដែលបានអញ្ជើញចូលរួមនាថ្ងៃនេះ ដោយបានស្នើសុំជួយផ្សព្វផ្សាយពីភាពអច្ឆរិយៈនៃប្រាសាទអង្គរវត្ត និងខេត្តសៀមរាប ព្រមទាំងវប្បធម៌បេតិកភណ្ឌដ៏មានតម្លៃរបស់កម្ពុជាដល់ពិភពលោកទាំងមូល។
សូមបញ្ជាក់ថាក្រុមហ៊ុន TUI BLUE HOTELS & RESORTS គឺជាក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍ដ៏ធំមួយក្នុងពិភពលោក និងធំនៅប្រទេសអាលឺ្លម៉ង់ គ្រប់គ្រងលើសណ្ឋាគារ និងរីសេតចំនួនជាង៤០០កន្លែងដ៏ពេញនិយមជុំវិញពិភពលោក ដោយមានម៉ាកសញ្ញាពាណិជ្ជកម្មដ៏ល្បីច្រើនជាង១០ម៉ាក ៕



























