ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Super Net មកពីសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការក្រសួងមហាផ្ទៃ។
ក្នុងជំនួបនេះ តំណាងក្រុមហ៊ុន Super Net បានធ្វើបទបង្ហាញស្តីពី ការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈ និងការកសាងទីក្រុងវៃឆ្លាត (Smart City) អំពីមុខងារសំខាន់ៗ រួមមាន៖ ការកាត់បន្ថយបទល្មើសប្រភេទផ្សេងៗ ការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ តាមរយៈប្រព័ន្ធវ៉ែនតាចក្ខុច្បាស់ និងសេវាកម្មវៃឆ្លាតផ្សេងៗទៀត។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការចូលរួមរបស់ក្រុមហ៊ុន Super Net ក្នុងការចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យាទំនើប និងបានបញ្ជាក់ពីភាពរីកចម្រើននៃការងាររួមក្នុងការអភិវឌ្ឍប្រព័ន្ធសន្តិសុខជាតិ និងបង្កើនសមត្ថភាពនៃកម្លាំងនគរបាលជាតិ តាមរយៈការចាប់យកបច្ចេកវិទ្យាច្នៃប្រឌិតថ្មីៗ។
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ក៏សូមថ្លែងអំណរគុណ ចំពោះតំណាងក្រុមហ៊ុន Super Net ដែលបានចែករំលែកសកម្មភាពសមត្ថភាពបច្ចេកវិទ្យាដ៏មានសារៈសំខាន់ក្នុងការផ្តល់ចំណេះដឹងថ្មីៗដល់កងកម្លាំងនគរបាលជាតិ ក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈ និងការចូលរួមក្នុងយុទ្ធនាការអភិវឌ្ឍទីក្រុងវៃឆ្លាតនៅកម្ពុជា ៕












