នាយឧត្តមសេនីយ៍ ស ថេត បញ្ជាទៅមន្រ្តីក្រោមឱវាទទាំងអស់ ត្រូវចេញប្រតិបត្តិការបង្រ្កាបបទល្មើសបច្ចេកវិទ្យា (Online Scams) ជាបន្ទាន់ និងបន្តចាត់វិធានការបិទវេបសាយទាក់ទងទៅនឹងលេងល្បែងអនឡាញ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

នាយឧត្តមសេនីយ៍ ស ថេត បញ្ជាទៅមន្រ្តីក្រោមឱវាទទាំងអស់ ត្រូវចេញប្រតិបត្តិការបង្រ្កាបបទល្មើសបច្ចេកវិទ្យា (Online Scams) ជាបន្ទាន់ និងបន្តចាត់វិធានការបិទវេបសាយទាក់ទងទៅនឹងលេងល្បែងអនឡាញ


ភ្នំពេញ៖
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បញ្ជាទៅដល់មន្រ្តីក្រោមឱវាទទាំងអស់ ត្រូវចេញប្រតិបត្តិការបង្រ្កាបបទល្មើសបច្ចេកវិទ្យា (Online Scams) ជាបន្ទាន់មិនត្រូវឲ្យកើតមានភាពថ្លោះធ្លោយជាដាច់ខាត ជាពិសេសត្រូវបង្កើតកម្លាំងជំនាញស្ដង់ដារ SOP ដើម្បីចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេះ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត ស្របតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់បទបញ្ជាស្តីពីយុទ្ធនាការបោសសម្អាតបទឧក្រិដ្ឋឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស។

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ណែនាំដល់ស្នងការនគរបាលរាជធានី-ខេត្ត ពិសេសនាយកដ្ឋាន-អង្គភាពជំនាញត្រូវបន្តចាត់វិធានការបច្ចេកទេសដើម្បីបិទវេបសាយទាក់ទងទៅនឹងការផ្សព្វផ្សាយ ក៏ដូចជាការលេងល្បែងអនឡាញនៅកម្ពុជា ហើយត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសត្រូវរួមសហការគ្នាបង្កើតក្រុមការងារកម្រិតស្ដង់ដារ SOP ដើម្បីចុះប្រតិបត្តិការ ត្រួតពិនិត្យ ស្រាវជ្រាវ និងបង្រ្កាបក្រុមប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាមអនឡាញគ្រប់ប្រភេទឱ្យអស់នៅទូទាំងប្រទេស ដោយមិនត្រូវបណ្ដែតបណ្ដោយឲ្យក្រុមទាំងអស់នេះត្រឡប់មកប្រព្រឹត្តិបទល្មើសនេះវិញជាដាច់ខាត។

ជាមួយគ្នា ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានក្រើនរំលឹកដល់មន្រ្តីក្រោមឱវាទទាំងអស់ ត្រូវអនុវត្តកិច្ចការងារខាងលើនេះឲ្យទទួលបានជោគជ័យ ស្របទៅតាមបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលស្ដីពីបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្ដីណែនាំនានាដែលរាជរដ្ឋាភិបាលបានដាក់ចុះឲ្យអនុវត្តផងដែរ។ 

បន្ថែមពីលើកកិច្ចការទាំងអស់នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំដល់មន្រ្តីប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបង្កើនកិច្ចសហការជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងក្រៅស្រុកល្បីៗ ដើម្បីធ្វើការបំភ្លឺ និងឆ្លើយបន្ទាន់ចំពោះការចោទប្រកាន់ លាភពណ៌ បំភ្លៃការពិត និងដាក់បន្ទុក នៃព្រឹត្តិការណ៍បទល្មើសផ្សេងៗមកលើកម្ពុជាពីសំណាក់ភាគីថៃ។ ទន្ទឹមនឹងនេះ ត្រូវកោះអញ្ជើញមន្រ្តីស្ថានទូតនានានៅកម្ពុជា ដើម្បីពន្យល់បន្ថែមពីសភាពការណ៍បទល្មើសដែលកើតឡើងពិតប្រាកដនៅកម្ពុជា ជូនទៅដល់មន្រ្តីស្ថានទូតបានជ្រាបកាន់តែច្បាស់កុំឲ្យមានការភាន់ច្រឡំ។

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា រយៈពេល៦ខែ ឆមាសទី១ ឆ្នាំ២០២៥នេះ សមត្ថកិច្ចពាក់ព័ន្ធបង្រ្កាបបទល្មើសបច្ចេកវិទ្យា (Online Scams) ចំនួន ១៨លើក នៅរាជធានី-ខេត្តចំនួន១០ ដោយឃាត់ខ្លួនមនុស្ស ២.៤១៨នាក់ ក្នុងនោះកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៧៣នាក់ និងបណ្ដេញចេញ ២.៣២២នាក់ ដែលមានអ្នកប្រព្រឹត្តិបទស្មើសជាជនជាតិខ្មែរ, ចិន, ថៃ, មីយ៉ាន់ម៉ា, វៀតណាម, ឡាវ, ឥណ្ឌា, ប៉ាឡេស្ទីន, ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីជាដើម។ 

ដោយឡែក ចំពោះកិច្ចការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវកម្ម សមត្ថកិច្ច បានដំណើរការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ចំនួន ៦៦ករណី និងបានបញ្ជូន សំណុំរឿងទៅអយ្យការសាលាដំបូងរាជធានី-ខេត្ត ដោយស្នើសុំចោទប្រកាន់ពីបទល្មើសសម្អាតប្រាក់សរុប ចំនួន ៣១ករណី លើជនសង្ស័យចំនួន ៩៦នាក់ ក្នុងនោះ ជនជាតិខ្មែរ ២៧នាក់, ចិន ១៧នាក់, ថៃ ០៧នាក់, មីយ៉ាន់ម៉ា ០២នាក់, វៀតណាម ៣៧នាក់, ឡាវ ០២នាក់, ឥណ្ឌា ០២នាក់, ប៉ាឡេស្ទីន ០១នាក់ និងម៉ាឡេស៊ី ០១នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ៕








Previous Post Next Post