ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៨រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើតរិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងលោក Abid Gulzar នាយកប្រចាំតំបន់អាស៊ីនៃ គណៈកម្មាធិការបម្រើក្វេគ័រអាមេរិកកាំង (អង្គការ AFSC) បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង និងលើកកម្ពស់ការដោះស្រាយវិវាទនៅមូលដ្ឋាន។
ពិធីនេះ ក៏មានការអញ្ជើញជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក., លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក., ឯកឧត្តម មាស សុកែវ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក., ឯកឧត្តម ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាសមាជិក អ.ដ.ក. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក., និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចំនួនសរុបប្រមាណ ៦០នាក់។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) នេះ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានលើកទ្បើងអំពីវឌ្ឍនភាពការងារសំខាន់ៗ ដែល អ.ដ.ក. សម្រេចបាននាពេលកន្លងមក ក៏ដូចជាទិសដៅការងារទៅមុខរបស់ អ.ដ.ក.។ ឯកឧត្តមក៏បានចាត់ទុកថា ការចុះអនុស្សរណៈនៃការយោគយល់គ្នា នាពេលនេះ គឺជាវឌ្ឍនភាពថ្មីមួយបន្ថែមទៀត ស្របតាមចក្ខុវិស័យរបស់អ.ដ.ក. និងទិសដៅរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់យន្តការនៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការឱ្យកាន់តែងាយស្រួល កាន់តែសម្បូរបែប កាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន និងកាន់តែមានប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា (MOU) នេះ ផ្តោតសំខាន់លើការបង្កើតភាពជាដៃគូលើកិច្ចសហការពង្រឹងការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ អំពីអត្ថប្រយោជន៍នៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងគាំទ្រដល់កិច្ចដំណើរការរបស់ការិយាល័យតំណាង អ.ដ.ក. ប្រចាំខេត្ត៤ នៅភូមិភាគឦសាន ៕





























