ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅកម្ពុជា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ផ្លាស់ប្តូរទស្សនៈ និងយុទ្ធសាស្រ្ត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិលើការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ដែលបានចុះកាលពីឆ្នាំ២០២២ និងការអភិវឌ្ឍវិស័យទេសចរណ៍បន្ថែមទៀត ជាពិសេសគឺការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសជិតខាងទាំងពីរឱ្យច្រើនឡើងថែមទៀត នាទីស្តីការក្រសួង។
កិច្ចពិភាក្សានេះ ក៏បានផ្តោតលើការសម្របសម្រួលការធ្វើដំណើរចេញចូល និងការតភា្ជប់គោលដៅទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពងាយស្រួល និងចំណេញពេលវេលា ទាំងផ្លូវគោក និងផ្លូវអាកាស ដោយបង្កើនការហោះហើរត្រង់ និងទៀងទាត់ដែលមានស្រាប់រួចហើយ ការសំរួលបែបបទធ្វើដំណើរ ជាពិសេសសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរអាចទស្សនាតាមគោលដៅទេសចរណ៍នៃខេត្តជាប់ព្រំដែន។ល។
ក្នុងជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញនូវទស្សនៈរូមគ្នាថាទេសចរណ៍ ត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរចាត់ទុកថាមានសារៈសំខាន់ក្នុងការជួយជម្រុញកំណើនសេដ្ឋកិច្ច និងលើកស្ទួយជីវភាពប្រជាជន ព្រមទាំងបានជួយលើកកម្ពស់ការពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ ៕













