ភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា របស់នាយកដ្ឋានបញ្ជិកា និងភាគទាន ដើម្បីត្រួតពិនិត្យលើលទ្ធផលការងារសម្រេចបាន និងដោះស្រាយបញ្ហាប្រឈមផ្សេងៗ ផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង ក៏បានត្រួតពិនិត្យលើឯកសារ ស្តីពីការគ្រប់គ្រងដោយផ្អែកលើគោលបំណង (MBO) រួម របស់នាយកដ្ឋានបញ្ជិកា និងភាគទាន ដើម្បីអាចតាមដាន និងវាយតម្លៃអំពីការអនុវត្តការងាររបស់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំនេះផងដែរ ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. ក៏បានជំរុញដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានបញ្ជិកា និងភាគទាន ត្រូវពង្រឹងនូវការងារអាទិភាពដែលថ្នាក់ដឹកនាំបានដាក់ចេញ ត្រូវពង្រឹងសមត្ថភាពជាប្រចាំ និងត្រូវអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងរក្សាបានសាមគ្ដីភាពផ្ទៃក្នុង ជាពិសេសត្រូវគោរពបទបញ្ជាផ្ទៃក្នុង វិន័យការងារ ដើម្បីជាប្រយោជន៍សម្រាប់អង្គភាព។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំពេញមួយរសៀលនេះ ប្រព្រឹត្តទៅនៅស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក-លោកស្រីជាថ្នាក់ដឹកនាំ នៃនាយកដ្ឋានបញ្ជិកា និងភាគទាន សរុបប្រមាណជាង ៣០រូប ៕

















