ភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម KIM JAE-SHIN អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម រាយការណ៍ពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការ និងពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម និងផ្សព្វផ្សាយគោលដៅសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជាបានទូលំទូលាយដល់ប្រជាជន និងវិនិយោគិនកូរ៉េមកបណ្តាក់ទុនវិនិយោគឱ្យបានកាន់តែច្រើនបន្ថែមទៀត ជាពិសេសការរៀបចំឱ្យមានសកម្មភាពទេសចរណ៍វប្បធម៌សំខាន់ៗ ដែលមានលក្ខណៈជាក់ស្តែង និងប្លែករវាងកម្ពុជា-កូរ៉េផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមអគ្គលេខាធិការ និងប្រជាជនកូរ៉េដែលតែងតែជួយជ្រោមជ្រែង និងគាំទ្រដល់រដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជារហូតមក ដែលបន្សល់ទុកនូវសមិទ្ធិផលប្រកបដោយផ្លែផ្កា និងជាក់ស្តែង ទឹកចិត្តស្រលាញ់ប្រទេសកម្ពុជាយ៉ាងជ្រាលជ្រៅរបស់ឯកឧត្តម និងក្រុមគ្រួសារ ៕















