មន្រ្តីជំនាញក្រសួងបរិស្ថានរកឃើញក្រុមហ៊ុន ELIZA HUB MFG CO., LTD. បង្កផលប៉ះពាល់ដល់បរិស្ថាន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

មន្រ្តីជំនាញក្រសួងបរិស្ថានរកឃើញក្រុមហ៊ុន ELIZA HUB MFG CO., LTD. បង្កផលប៉ះពាល់ដល់បរិស្ថាន


ភ្នំពេញ៖ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ដឹកនាំដោយលោក ចាប យុធី អនុប្រធានាយកដ្ឋានបានសហការជាមួយ មន្រ្តីនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី០៤ ខែកក្កដាឆ្នាំ២០២៥ បានចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុន ELIZA HUB MFG CO., LTD. ស្ថិតនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ និងបាន រកឃើញការបង្កឱ្យមានការបំពុលបរិស្ថាន និងប៉ះពាល់ដល់ការរស់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្រុមមន្រ្តីបានរកឃើញនៅក្រៅទីតាំងក្រុមហ៊ុនមួយចំនួនដូចជា៖

-នៅជុំវិញទីតាំងក្រុមហ៊ុន ជាតំបន់លំនៅឋាន និងរោងចក្រ ដែលស្ថិតនៅជាប់ៗ

-នៅចំណុចខាងមុខក្រុមហ៊ុន (ផ្លូវចូលមានបញ្ហាក្លិនឈ្ងៀម ដែលសាយភាយចេញពីទីតាំងក្រុមហ៊ុន

-ប្រជាពលរដ្ឋនៅជុំវិញទីតាំងក្រុមហ៊ុននេះ បានឱ្យដឹងពីបញ្ហាក្លិនអាក្រក់ និងមានក្រុមហ៊ុនឯកជនមួយនៅក្បែរនោះបានធ្វើការប្តឹងតវ៉ា ចំពោះក្លិនមិនល្អកន្លងមក

ដោយឡែកនៅក្នុងទីតាំងរោងចក្រ ក្រុមការងារបានរកឃើញថា៖

-ក្រុមហ៊ុននេះ បើកដំណើរការសកម្មភាព នៅចុងឆ្នាំ២០២៤ និងបានបង្កើតជារោងចក្រកែច្នៃសំណល់ប្លាស្ទិក ដើម្បីផលិតចេញជាថង់ប្លាស្ទិកមានដៃយួរ (ផលិតផលសម្រេច

-វត្ថុធាតុដើមនាំចូលមកកែច្នៃ គឺជាពពួកសំណល់ថង់ប្លាស្ទិក មានចំនួន -៦តោន/ថ្ងៃ

-នៅក្នុងដំណើរការផលិតកម្ម ក្រុមហ៊ុនប្រើឡដុតកំដៅអគ្គិសនី ចំនួន០២គ្រឿង សម្រាប់ធ្វើការស្លរំលាយសំណល់ប្លាស្ទិក ឲ្យចេញជាគ្រាប់ជ័រ។ បន្ទាប់មក បានយកគ្រាប់ជ័រនោះ ទៅធ្វើការរំលាយនិងផ្លុំចេញជាបន្ទះថង់ប្លាស្ទិក ដោយប្រើប្រាស់ម៉ាស៊ីនកំដៅអគ្គិសនីនិងផ្លុំខ្យល់ ចំនួន ១៩គ្រឿង។ នៅក្នុងដំណើរការស្លរំលាយប្លាស្ទិកនោះ ក្រុមហ៊ុនបានបំភាយក្លិនអាក្រក់ ចេញមកក្នុង និងក្រៅអគារផលិតកម្ម។

-ទីតាំងឡដុតរំលាយជ័រ និងអគារផលិតកម្មរបស់ក្រុមហ៊ុន ពុំមានបំពាក់ប្រព័ន្ធគ្រឿងបរិក្ខារ សម្រាប់ធ្វើការបឺតស្រូបក្លិនអាក្រក់ ទៅធ្វើប្រព្រឹត្តិកម្ម ឲ្យបានត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស និងច្បាប់ទេ។ 


ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាននិងធ្វើឱ្យសុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋបានល្អប្រសើរ ក្រុមការងារបានដាក់វិធានការច្បាប់ឱ្យក្រុមហ៊ុនអនុវត្តដូចខាងក្រោម៖

១-ត្រូវបញ្ឈប់សង្វាក់ផលិតកម្មនៃការដុតរំលាយជ័រដែលនាំឱ្យមានក្លិនអាក្រក់។

២-ត្រូវរងពិន័យអន្តរការណ៍លើករណីល្មើសនឹងមាត្រា៣១៤៣១៦៣២២៦៦៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។

៣-ត្រូវរៀបចំកែប្រែទីតាំងឡដុតស្លរំលាយជ័រ ដោយធ្វើការបំពាក់ប្រព័ន្ធសម្អាតក្លិនឲ្យបានត្រឹមត្រូវតាមស្តង់ដារបរិស្ថាន។

៤-ត្រូវរៀបចំរបាយការណ៍ IEIA ដាក់ជូនក្រសួងបរិស្ថានពិនិត្យ និងវាយតម្លៃជាមុន។

៥-ត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសារធាតុបំពុលខ្យល់ និងលិខិតបញ្ជាក់គុណភាពខ្យល់ក្នុងអគារ ៕







Previous Post Next Post