ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញបើក “វគ្គអប់រំនយោបាយគណបក្សកម្រិត១ វគ្គទី២” ជូនសមាជិក សមាជិកា និងយុវជនគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញបើក “វគ្គអប់រំនយោបាយគណបក្សកម្រិត១ វគ្គទី២” ជូនសមាជិក សមាជិកា និងយុវជនគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ


ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ១០កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងទី៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើក “វគ្គអប់រំនយោបាយគណបក្សកម្រិត១ វគ្គទី២” ជូនសមាជិក សមាជិកា និងយុវជនគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ។ អញ្ជើញចូលរួមក្នុងពិធីបើកវគ្គនេះរួមមាន ឯកឧត្ដម លោកជំទាវ ជាអនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិក សមាជិកាគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងសិក្ខាកាមសរុបចំនួន ២២៨រូប។ 


ថ្លែងក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាល ឯកឧត្តម ឆាយ ឫទ្ធិសែន បានបញ្ជាក់ថា វគ្គអប់រំនយោបាយគណបក្សកម្រិត១ វគ្គទី២ នេះ ត្រូវបានរៀបចំក្នុងគោលបំណងលើកកម្ពស់សមត្ថភាពនយោបាយ អត្តចរិត សីលធម៌ និងស្មារតីទទួលខុសត្រូវរបស់សមាជិក សមាជិកា និងយុវជនបក្ស តាមរយៈការពង្រឹងចំណេះដឹងបន្ថែមស្តីពីប្រវត្តិគណបក្ស លក្ខន្តិកៈគណបក្ស កម្មវិធីនយោបាយគណបក្ស ការកសាងអត្តចរិកមន្រ្តីគណបក្ស និងយន្តការនានារបស់គណបក្ស ក្នុងគោលដៅពង្រឹងការគាំទ្រជឿជាក់យ៉ាងមុតមាំមកលើគណបក្ស និងចូលរួមអនុវត្តការងារបក្សឱ្យកាន់តែមានប្រសិទ្ធភាព សម្រាប់យុវជនបន្តវេន ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាបិតាសន្តិភាព ជាស្ថាបនិកមគ្គុទេសក៏ និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ  ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញពេញផ្ទៃប្រទេស។ 


ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានពាំនាំនូវបណ្ដាំសួរសុខទុក្ខ សេចក្ដីនឹករលឹក និងពរសព្ទសាធុការពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាផ្សេងទៀត ជូនដល់អង្គពិធី។


ក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តមប្រធាន ក៏បានផ្ដល់ជាអនុសាសន៍ផ្ដាំផ្ញើមួយចំនួនបន្ថែមទៀត ជូនដល់អង្គពិធីដើម្បីរួមចំណែកធានាឱ្យវគ្គអប់រំនយោបាយគណបក្ស ប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងទទួលបានលទ្ធផលជាផ្លែផ្កាប្រកបដោយជោគជ័យ ដូចខាងក្រោម៖


-ក្រុមការងារលេខាធិការដ្ឋានគណបក្ស និងក្រុមការងារពាក់ព័ន្ធ ដែលមានតួនាទីជាគណៈគ្រប់គ្រងវគ្គអប់រំនយោបាយគណបក្ស សូមខិតខំបំពេញភារកិច្ច និងដោះស្រាយរាល់បញ្ហាដែលកើតមានពាក់ព័ន្ធនឹងវគ្គអប់រំនយោបាយគណបក្សឱ្យបានល្អ និងទាន់ពេលវេលា។


-សូមគ្រូឧទ្ទេសគ្រប់រូប យកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីរបស់ខ្លួន ដែលធ្លាប់បានសិក្សា ចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដល់សិក្ខាកាមដោយទឹកចិត្តទូលំទូលាយ។


-សិក្ខាកាមគ្រប់រូបត្រូវខិតខំប្រមូលផ្តុំអារម្មណ៍ក្នុងការសិក្សារៀនសូត្រ គោរពនូវវិន័យរបស់វគ្គអប់រំ ដោយស្មារតីភ្ញាក់រលឹក និងទទួលខុសត្រូវខ្ពស់ ដើម្បីធានាការសិក្សាទទួលបានលទ្ធផលល្អ សំដៅយកចំណេះដឹង និងបទពិសោធន៍ ទៅបម្រើប្រជាជន គណបក្ស និងប្រទេសជាតិឱ្យកាន់តែបានល្អ និងមានប្រសិទ្ធភាព។


-បន្តពង្រឹងការបណ្តុះបណ្តាលបន្ត និងផ្សព្វផ្សាយទាំងលើការងារនយោបាយ ការងារសតិអារម្មណ៍ និងការងារចាត់តាំងនៅមូលដ្ឋាន។


-បន្តពង្រឹងសាមគ្គីភាពដោយគោរពតាមបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈបក្ស និងគោរពគោលការណ៍គណបក្សមតិភាគតិចគោរពមតិភាគច្រើន និងសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ៕



















Previous Post Next Post