ភ្នំពេញ៖ នាល្ងាចថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានចុះសំណេះសំណាលសួរសុខទុក្ខ និងជូនអំណោយជាសម្ភារៈប្រើប្រាស់អាចដោះស្រាយជីវភាពដល់បងប្អូនប្រជាពលរដ្ឋ ដែលជម្លៀសមកស្នាក់នៅទីទួលសុវត្ថិភាព កំពុងជួបការលំបាករងគ្រោះដោយសារសមរភូមិប្រយុទ្ធព្រំដែន។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ថាក្រសួងសុខាភិបាល បានយកចិត្តទុកខ្ពស់ និងត្រៀមលក្ខណៈគ្រប់ពេលវេលា ក្នុងការថែទាំសុខភាពដល់ប្រជាពលរដ្ឋទាំងអស់ ទោះបីស្ថិតក្នុងភ្លើងសង្រ្គោមនាពេលនេះក៏ដោយ ពោលគឺមិនទុកប្រជាពលរដ្ឋណាម្នាក់ មិនទទួលបានការបម្រើសេវាសុខាភិបាលនោះទេ។
បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលស្នាក់នៅបណ្តោះអាសន្ននៅទីទួលសុវត្ថិភាព សូមអនុវត្តវិធានការដោយប្រកាន់ខ្ជាប់នូវអនាម័យ ហូបស្អាត សម្រាកក្នុងមុង និងចំអិនអាហារឱ្យបានឆ្អិនល្អ ជៀសវាងការដែលអាចបង្កជាការ រាករូស គ្រុនក្តៅ ក្អួត ពុលចំណីអាហារ។ ក្នុងករណីមានបញ្ហាសុខភាព សូមទទួលសេវាសុខាភិបាល ដែលប្រចាំការនៅទីទួលសុវត្ថិភាព ឬមូលដ្ឋានសុខាភិបាលនៅជិតអ្នកបំផុត។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាល និងលើកទឹកចិត្តថែមទៀតដល់មន្រ្តីសុខាភិបាល ដែលកំពុងប្រចាំការនៅទីសុវត្ថិភាព និងតាមគោលដៅនានា ដោយបង្កើនការយកចិត្តទុកដាក់ខ្ពស់ ប្រើគ្រប់សមត្ថភាព និងមធ្យោបាយបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋក្នុងកាលៈទេសៈ ពិសេសនាគ្រាដ៏លំបាកនេះ ៕




























