ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង អមដំណើរដោយអភិបាលរងស្រុកកំពង់ត្រឡាច ប្រធានការិយាល័យអប់រំយុវជន និងកីឡាស្រុកកំពង់ត្រឡាច រដ្ឋបាលឃុំសែប និងគណៈកម្មការសាលា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងបានប្រគល់រូបសំណាកសម្ដេចព្រះសង្ឃរាជ ជួន ណាត ចំនួន ២អង្គ នៅសាលាបឋមសិក្សាកំពង់ប្រាសាទ និងនៅសាលាមត្តេយ្យសហគមន៍ឃុំសែប ស្ថិតក្នុងឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ លោកមេឃុំ និងនាយកសាលា បានរាយការណ៍អំពីគម្រោងរៀបចំបង្កើតថ្នាក់វិទ្យាល័យ នៅមូលដ្ឋានឃុំសែប ដើម្បីបង្កឱ្យមានភាពងាយស្រួលជូនដល់សិស្សានុសិស្សនៅក្នុងមូលដ្ឋាន។ បច្ចុប្បន្នសិស្សានុសិស្សបញ្ចប់ថ្នាក់អនុវិទ្យាល័យ ត្រូវបន្តរៀនថ្នាក់វិទ្យាល័យដែលនៅឆ្ងាយពីផ្ទះ ពិបាកក្នុងការធ្វើដំណើរឆ្ងាយ ខ្លះទៀតត្រូវជួលផ្ទះស្នាក់នៅ ធ្វើឱ្យមានការចំណាយច្រើន និងជាក្តីកង្វល់ឪពុកម្ដាយនៅផ្ទះ។ បើសិនឃុំមានវិទ្យាល័យមួយនៅក្នុងមូលដ្ឋានឃុំជួយសម្រាលបន្ទុកចំណាយ និងកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្សានុសិស្ស។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានកោតសរសើរវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលឃុំ និងនាយកសាលា ដោយតែងតែយកចិត្តទុកដាក់ទៅលើវិស័យអប់រំ ដែលជាថ្នាលបណ្ដុះបណ្តាលធនធានមនុស្សដើម្បីជួយឱ្យប្រទេសជាតិឈានទៅរកការអភិវឌ្ឍ និងភាពរីកចម្រើននាថ្ងៃអនាគត។
ឯកឧត្តមបណ្ឌិត ក៏បានអញ្ជើញមើលការបង្រៀនរបស់ព្រះសង្ឃ ដល់សិស្សានុសិស្ស និងបានប្រគេនបច្ច័យជូនដល់ព្រះសង្ឃចំនួន ២០០,០០០រៀល និងបានឧបត្ថម្ភដល់សិស្សានុសិស្សសរុបចំនួន ៩៦នាក់ ក្នុងម្នាក់ៗថវិកាចំនួន ៥,០០០រៀល និងចូលរួមចំណែកឧបត្ថម្ភថវិកាក្នុងការសាងសង់បន្ទប់ទឹកនៅសាលាមត្តេយ្យសហគមន៍សែប ចំនួន ១០០,០០០រៀល ក្នុងនោះរដ្ឋបាលស្រុក ឃុំ និងភូមិ និងគណៈគ្រប់គ្រងសាលាឧបត្ថម្ភថវិកាចំនួន ២៥០,០០០រៀល ៕









