ភ្នំពេញ៖ នាល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត បានអញ្ជេីញចូលរួមគោរពវិញ្ញាណក្ខ័ន្ធសពវីរៈកងទ័ព លោកវរៈសេនីយ៍ត្រី សូត្រ ពេជ្រ ដែលបានពលីជីវិតក្នុងសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសថៃ នៅសមរភូមិមុខ ភ្នំទ្រព្យ ខេត្តព្រះវិហារ ដែលមានទីលំនៅក្នុងភូមិជ័រដុំ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។
ក្នុងឱកាសដ៏សោកសង្រេង និងក្តុកក្តួលបំផុតនេះ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្ត ក៏បានពាំនាំមកនូវការចូលរួមមរណៈទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការលះបង់អាយុជីវិតរបស់សព លោកវរៈសេនីយ៍ត្រី សូត្រ ពេជ្រ ក្នុងការការពារបូរណភាពទឹកដី និងប្រជាជនកម្ពុជា។
ឯកឧត្ដមបណ្ឌិត អភិបាលខេត្ត ក៏បានសំដែងនូវសាមានទុក្ខ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសពរបស់វីរៈកងទ័ព សូត្រ ពេជ្រ ដែលបានពលីក្នុងសង្គ្រាមឈ្លានពានពីប្រទេសថៃ ដែលការបាត់បង់នេះ គឺជាការបាត់បង់កុលបុត្រខ្មែរមួយរូបដ៏អស្ចារ្យ និងបាត់បង់ធនធានការពារជាតិមួយរូបផងដែរ។
ឯកឧត្ដមបណ្ឌិត អភិបាលខេត្ត បានបន្តថា វីរៈភាពដ៏អង់អាចក្លាហានក្នុងការលះបង់ដ៏ធំធេងរបស់ លោកវរៈសេនីយ៍ត្រី សូត្រ ពេជ្រ ក្នុងបុព្វហេតុការពារទឹកដី និងប្រជាជននាពេលនេះ និងធ្វើឱ្យប្រជាជនខេត្តកំពត ព្រមទាំងប្រជាជនកម្ពុជានៅទូទាំងប្រទេសចងចាំជានិច្ចមិនអាចបំភ្លេចបាន។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្ដមបណ្ឌិត អភិបាលខេត្ត ក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកវរៈសេនីយ៍ត្រី សូត្រ ពេជ សូមបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕