ភ្នំពេញ៖ នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែមិថុនា និងទិសដៅអនុវត្តការងារបន្តរបស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស. ដើម្បីត្រួតពិនិត្យលទ្ធផលការងារសម្រេចបាន និងលើកឡើងអំពីបញ្ហាប្រឈម សំណូមពរ និងផែនការការងារអនុវត្តបន្ត។
ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានផ្ដល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ត្រូវអនុវត្ដទិសដៅការងារ និងបន្តការងាររបស់នាយកដ្ឋាន ដោយត្រូវខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់ តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ច្បាស់លាស់ ក្នុងការផ្តល់សេវាជូនសមាជិក ប.ស.ស.។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតអគ្គនាយករង ក៏បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ដែលកន្លងមកបានអនុវត្តការងារទៅដោយរលូន និងសូមរក្សាជំហរនេះ ដើម្បីបន្ដចូលរួមសកម្មភាពការងារជាមួយអង្គភាពឱ្យកាន់តែរីកចម្រើនទទួលបានលទ្ធផលល្អគួរជាទីមោទនៈបន្ថែមទៀត។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សាខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ ដោយមានការចូលរួម ពីលោកប្រធាន លោក/លោកស្រី អនុប្រធាននាយកដ្ឋាន លោក/ លោកស្រី ប្រធាន អនុប្រធានការិយាល័យ នៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ប្រមាណជាង២០រូប ៕













