អភិបាលខេត្តកែប អំពាវនាវដល់បងប្អូនដែលបានធ្វើមាតុភូមិនិវត្តន៍ទាំងអស់ឱ្យស្វែងរកការងារធ្វើ និងប្រកបមុខរបរនៅស្រុកកំណើតយើងវិញ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តកែប អំពាវនាវដល់បងប្អូនដែលបានធ្វើមាតុភូមិនិវត្តន៍ទាំងអស់ឱ្យស្វែងរកការងារធ្វើ និងប្រកបមុខរបរនៅស្រុកកំណើតយើងវិញ


ភ្នំពេញ៖
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអំពាវនាវដល់បងប្អូនដែលបានធ្វើមាតុភូមិនិវត្តន៍ទាំងអស់ឱ្យស្វែងរកការងារធ្វើ និងប្រកបមុខរបរនៅស្រុកកំណើតយើងវិញ ព្រោះនៅខេត្តកែប ក៏ដូចជាខេត្តជិតខាងរបស់យើងក៏មានការងារជាច្រើនកន្លែងសម្រាប់បងប្អូនធ្វើ។

ការអំពាវនាវរបស់ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ធ្វើឡើងនៅថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋនៅសាលាស្រុកដំណាក់ចង្អើរ ខេត្តកែប។ ដែលនេះបានបង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់របស់ឯកឧត្តមបណ្ឌិតចំពោះសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ 

បន្ទាប់ពីមានការផ្ទុះសង្រ្គាមឈ្លានពានដោយយោធាថៃមកលើកម្ពុជាទាំងកំរោលអស់រយៈពេល ០៥ថ្ងៃកន្លងមកនេះ បានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារទាំងក្មេង ទាំងចាស់ទទួលរងគ្រោះ និងធ្វើចំណាកស្រុកចាកចេញពីគេហដ្ឋានដែលធ្លាប់រស់នៅជួបជុំគ្រួសារប្រកបដោយភាពកក់ក្តៅ និងសុខុដុមរមនា ទៅកាន់ទីទួលមានសុវត្ថិភាព និងមួយចំនួនទៀតបានធ្វើមាតុភូមិនិវត្តន៍ទៅកាន់ស្រុកកំណេីត។

ជាមួយគ្នានេះផងដែរ ក៏មានគ្រួសារ និងប្រជាពលរដ្ឋមួយចំនួនដែលបានធ្វើចំណាកស្រុកទៅធ្វើការរកស៊ី និងប្រកបមុខរបរផ្សេងៗនៅប្រទេសថៃ បានធ្វើមាតុភូមិនិវត្តន៍មកកាន់ស្រុកកំណើតនៅតាមបណ្តារាជធានី ខេត្តទូទាំងប្រទេសកម្ពុជា ដែលនិយាយជារួម និងនិយាយដោយឡែក ស្រុកដំណាក់ចង្អើរ ខេត្តកែបរហូតមកដល់ពេលនេះក៏មានបងប្អូនប្រជាពលរដ្ឋចំនួន ១៨គ្រួសារ ស្មើនឹង ៥៨នាក់ បានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃមកដល់ស្រុកកំណើតប្រកបដោយសុវត្ថិភាពផងដែរ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ដែលបានរៀបចំ ចាត់ចែងមន្រ្តី និងរថយន្តទៅទទួលបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់នៅតាមច្រកព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានថ្លែងកោតសរសើរដល់លោក ឆាង ឆៃ អភិបាលនៃគណៈអភិបាលស្រុកដំណាក់ចង្អើរ ដែលបានខិតខំសម្របសម្រួល និងយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានជាប្រចាំ។

នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ក៏បានពាំនាំនូវសេចក្តីផ្តាំផ្ញើសួរសុខទុក្ខដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាពកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែព្រួយបារម្មណ៍ និងគិតគូរជាប្រចាំអំពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។ 

បន្ថែមពីនោះផងដែរ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកងទ័ពកម្ពុជាទាំងអស់ដ៏អង់អាចក្លាហាន ដែលបានលះបង់អស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងធ្វើពលីកម្មគ្រប់បែបយ៉ាងរហូតដល់អាយុជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិជាទីស្នេហា និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាទាំងមូល។ 

អំណោយដែលឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានផ្តល់ជូនបងប្អូនពលករទាំង ៥៨នាក់ នាឱកាសនេះរួមមាន៖ អង្ករ ៥០គីឡូក្រាម, ទឹកសុទ្ធ ១កេស, មីយើង ១កេស, ទឹកត្រី ១យួរ និងទឹកស៊ីអុីវ ១យួរ៕

















Previous Post Next Post